ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល អំពាវនាវឱ្យចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និងទូទាំងពិភពលោក ខណៈការងារប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈ

image

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោក កម្ចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថាការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបន្តជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងបន្ថែម ក្នុងការប្រយុទ្ធនឹងជំងឺរបេង និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់អំពីបញ្ហា ផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» ដែលក្រសួងសុខាភិបាលបាន និងកំពុងអនុវត្ត។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវអនុសាសន៍មួយចំនួន សម្រាប់ជាការងារអាទិភាព រួមមាន៖ ១)ខិតខំសម្រេចឱ្យបានការកាត់បន្ថយអត្រានៃការរីករាលដាលជំងឺរបេង ស្របតាមយុទ្ធសាស្រ្តជាតិ ២)ការផ្តល់ការព្យាបាលកម្រិតខ្ពស់ និងជោគជ័យ សម្រាប់អ្នកជំងឺករណីថ្មី និងករណីលាប់ ៣)បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ តាមរយៈការពង្រឹងកិច្ចសហការជាមួយដៃគូឯកជន ៤)ពង្រីកបន្ថែមមន្ទីរពិសោធន៍ទំនើប សម្រាប់ការធ្វើតេស្តដំបូងនៅទូទាំងប្រទេស និង៥)បន្តអនុវត្តវិធីសាស្រ្តស្វែងរកក្រុមជនងាយរងគ្រោះ និងការរើសអើង និងធ្វើឱ្យសេវាសុខាភិបាលទៅដល់ពលរដ្ឋផ្ទាល់។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ២០២៦ ដើម្បីរួមចំណែកឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ដ៏ដូចជាទូទាំងសកលលោក។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈ។ ជាក់ស្តែង តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបាន ធ្លាក់ចុះពី ៨០ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ ករណីក្នុងចំណោម ប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៧៨%។ ចំណែកឯអត្រាអាំងស៊ីដង់ រឺអត្រាកើតជំងឺរបេងករណីថ្មី ក៏បានធ្លាក់ចុះពី ៨៥៣ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៦៨%៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ