ដ្រូនដឹកទំនិញ W5000 ដែលផលិតនៅចិន កំពុងផ្លាស់ប្តូរមុខមាត់វិស័យដឹកជញ្ជូនតាមបែបទំនើប
ចិន៖ ប្រទេសចិនបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យអាកាសចរណ៍គ្មានមនុស្សបើក តាមរយៈយន្តហោះម៉ូដែល W5000 ដែលជាប្រភេទដ្រូនដឹកទំនិញដ៏ធំបំផុតរបស់ខ្លួន។ បច្ចុប្បន្ន យន្តហោះនេះទទួលបានការបញ្ជាទិញទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ ៥៣០ គ្រឿង ដែលសបញ្ជាក់ឱ្យឃើញថា ទីផ្សារកំពុងមានទំនុកចិត្តខ្ពស់លើបច្ចេកវិទ្យាដឹកជញ្ជូនតាមអាកាសកម្ពស់ទាបរបស់ចិន ។
យន្តហោះ W5000 នេះ មានសមត្ថភាពបច្ចេកទេសគួរឱ្យកត់សម្គាល់ ដោយវាអាចផ្ទុកទំនិញបានដល់ទៅ ៥ តោន និងមានចម្ងាយហោះហើរអតិបរមារហូតដល់ ២,៦០០ គីឡូម៉ែត្រ (២ពាន់ ៦រយ)។ ជាមួយនឹងល្បឿនជាង ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង វាក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់វិស័យដឹកជញ្ជូនទំនិញរវាងតំបន់ ទាំងការលក់អនឡាញ និងសម្ភារៈពេទ្យ ។
គោលដៅចម្បងនៃយន្តហោះគ្មានមនុស្សបើកខ្នាតយក្សនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតក្នុងប្រព័ន្ធដឹកជញ្ជូនបច្ចុប្បន្ន។ វាស្ថិតនៅចន្លោះកណ្តាលរវាងដ្រូនតូចៗដែលដឹកបានជិតៗ និងយន្តហោះធំៗដែលត្រូវមានមនុស្សបើក ដោយជួយឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចកាត់បន្ថយទាំងចំណាយប្រតិបត្តិការ និងពេលវេលាដឹកជញ្ជូនបានយ៉ាងច្រើន ។
រដ្ឋាភិបាលចិន បានកំណត់យក "សេដ្ឋកិច្ចដែនអាកាសកម្ពស់ទាប" ជាយុទ្ធសាស្ត្រអាទិភាពមួយ ដោយជំរុញឱ្យខេត្តសក្តានុពលដូចជា ជាំងស៊ូ (Jiangsu) ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម។ ប្រសិនបើការធ្វើតេស្តសាកល្បងចុងក្រោយទទួលបានជោគជ័យ ការផលិតយន្តហោះ W5000 ទ្រង់ទ្រាយធំនឹងចាប់ផ្តើម ដែលនឹងក្លាយជាជម្រើសថ្មីដ៏លឿន និងងាយស្រួលជាងការដឹកជញ្ជូនតាមផ្លូវគោក ។
ចំណុចខ្លាំងមួយទៀតនៃ W5000 គឺការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការដំឡើង ដែលធានាបាននូវភាពជាក់លាក់ខ្ពស់ និងគុណភាពស្តង់ដារ។ យន្តហោះនេះត្រូវបានផលិតឡើងពីជ័រកាបូនរឹងដែលផ្តល់នូវភាពរឹងមាំខ្លាំង ប៉ុន្តែមានទម្ងន់ស្រាលជាងយន្តហោះធម្មតា ដែលជួយឱ្យវាចំណាយថាមពលតិច និងអាចផ្ទុកទំនិញបានកាន់តែច្រើន ។
គម្រោងនេះ បានជួយពង្រឹងឯករាជ្យភាពនៃចរន្តផ្គត់ផ្គង់របស់ចិន ដោយសារតែគ្រឿងបន្លាស់ និងវត្ថុធាតុដើមស្ទើរតែទាំងអស់ត្រូវបានផលិតនៅក្នុងស្រុក។ ការណ៍នេះ មិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតនូវបណ្តុំឧស្សាហកម្មថ្មីៗនៅក្នុងតំបន់ ដែលជំរុញឱ្យសេដ្ឋកិច្ចចិនកាន់តែរឹងមាំក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ CCTV+ via Orient