ព័ត៌មានជាតិ

ជនជាតិចិន១៥នាក់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ

image

‎ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ចំនួន ៤ករណីផ្សេងគ្នានៅក្នុងបុរីអ័រគីដេ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

‎ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន​ ១៥នាក់ និងដកហូតវត្ថុតាង រួមមាន​ ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC GN8 ចំនួន ១គ្រឿង សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

‎ការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពី​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌជ្រោយចង្វា ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
‎  
វិធានការចំពោះមុខ អាជ្ញាធរបានសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន នូវផ្ទះលេខ ERM-059 ផ្លូវរំចង់ និងផ្ទះលេខ ERM-059 ផ្លូវផ្កាឈូក ដែលជាកន្លែងប្រព្រឹត្តបទល្មើស។

‎បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
‎លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំងទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ទីតាំង។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ចំនួនប្រមាណជាង ២២មុឺននាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក៕