សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ នវានុវត្តន៍ ជាកម្លាំងចលករដែលជួយឱ្យសម្រេចបំណងប្រាថ្នាក្នុងការពង្រឹងខឿនការពារជាតិ រក្សាអធិបតេយ្យភាព និងពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ច
អត្ថបទ៖ ហ៊ន សុភ័ក្រ
---------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "នវានុវត្តន៍ គឺពិតជាកម្លាំងចលករដែលជួយឱ្យសម្រេចបំណងប្រាថ្នារបស់យើង ក្នុងការពង្រឹង ខឿនការពារជាតិ រក្សាអធិបតេយ្យភាព និងពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ច"។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦នេះ។
ដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់ នៃប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់នូវសារមួយចំនួនដោយបានបញ្ជាក់ថា "សន្តិភាព និងអភិបាលកិច្ចរួម ជាលក្ខខណ្ឌដំបូងសម្រាប់នវានុវត្តន៍៖ យើងអាចវិនិយោគ រយៈពេលវែងលើការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន លុះត្រាតែ ប្រទេសយើងមានសន្តិភាព ស្ថិរភាព នីតិរដ្ឋ និងអភិបាលកិច្ចស្ថាប័នប្រកបដោយប្រសិទ្ធភាព។ មូលធនមនុស្សគឺជាស្នូលនៃនវានុវត្តន៍៖ គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគ្រប់គោលនយោបាយជាតិរបស់កម្ពុជា បានកសាងឡើងដើម្បីជំរុញនិងផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋមានឱកាសរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងទាមទារឱ្យមានការចូលរួមចំណែកពី ពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ភេទ ជាពិសេសការបង្កើននិស្សិតបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងដំណើរការអភិវឌ្ឍនិងជំរុញ នវានុវត្តន៍ជាតិប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង។ នវានុវត្តន៍ត្រូវបម្រើឱ្យកំណើនប្រកបដោយចីរភាព និងបរិយាបន្ន៖ បច្ចេកវិទ្យា និងគំរូអាជីវកម្ម ថ្មីៗ ត្រូវជួយបង្កើតការងារ បង្កើនផលិតភាព គុណភាព និងតម្លៃបន្ថែមដល់ផលិតផលនិង សេវាកម្មលើគ្រប់វិស័យ ព្រមទាំងត្រូវគិតគូរពីនវានុវត្តន៍ឧស្សាហកម្ម និងការការពារបរិស្ថាន និងសហគមន៍។ សមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ការចាប់យកបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើត ផលិតភាព សម្រាប់វិស័យដែលមានតម្លៃបន្ថែមខ្ពស់ គឺជាយុទ្ធសាស្ត្រ៖ តាមរយៈការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ យើងអាចរៀបចំមូលដ្ឋានសម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹ ដែលអាចឱ្យយើងមានលទ្ធភាពប្រកួតប្រជែង និងធ្វើសហប្រតិបត្តិការបានដោយស្មើភាពជាមួយ ប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ជាមួយគ្នានេះ ការចាប់យក និងការផ្ទេរបច្ចេកវិទ្យា ឈានមុខជាទូទៅ និងបញ្ញាសិប្បនិម្មិតជាពិសេស និងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យ ឧស្សាហកម្ម នឹងជួយពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេច ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សម្តេចបវរធិបតីក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ គាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងចូលរួមបណ្តុះវប្បធម៌នវានុវត្តន៍ក្នុងគ្រប់រូបភាពនៃកិច្ចការងារ និងជីវភាពប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងប្រព័ន្ធនវានុវត្តន៍ជាតិមួយប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ស្របតាមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»៕