សកម្មជនប្រជាធិបតេយ្យថៃម្នាក់ ត្រូវជាប់ពន្ធនាគារ ១៥ឆ្នាំ ក្រោយបង្ហោះសារប៉ះពាល់ដល់ខ្សែរាជវង្ស
ថៃឡង់ដ៍៖ សកម្មជនប្រជាធិបតេយ្យ និងជាអ្នកទោសនយោបាយម្នាក់ឈ្មោះ កានរឿតៃ អៃ ក្លាយអន (Kanruetai "Ai" Klai-on) អាយុ ៣៣ ឆ្នាំ ត្រូវតុលាការថៃ កាត់ទោសឱ្យជាប់ពន្ធនាគារសរុប ១៥ឆ្នាំ ពីបទរំលោភបំពានលើច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យារបស់ប្រទេសថៃ បន្ទាប់ពីជនជាប់ចោទរូបនេះ បានបង្ហោះខ្លឹមសារលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគេចោទថាមានការពាក់ព័ន្ធនឹងព្រះមហាក្សត្រ រាមាទី១០ ។
សាលក្រមនេះកើតចេញពីការបង្ហោះសារពីរដាច់ដោយឡែកពីគ្នា រួមមាន សារបង្ហោះកាលពីខែកក្កដា និងខែកញ្ញា ឆ្នាំ ២០២២។ ដំបូងឡើយ តុលាការរកឃើញថា នាងមានទោសក្នុងចំនួនពីរករណីនៃបទចោទប្រកាន់ ហើយបានកំណត់ទោសជាប់ពន្ធនាគារ ៣ ឆ្នាំក្នុងមួយបទចោទ (សរុប ៦ ឆ្នាំ)។ ប៉ុន្តែដោយសារតែនាងបានសារភាពកំហុស តុលាការក៏បានបន្ថយទោសពាក់កណ្តាលឱ្យមកនៅត្រឹម ២ ឆ្នាំ និង ៦ ខែក្នុងមួយបទចោទវិញ។ តុលាការបានបញ្ជាលើទោសថ្មីនេះ ត្រូវអនុវត្តបន្តបន្ទាប់ពីទោសចាស់ដែលនាងកំពុងមានស្រាប់ ដែលធ្វើឱ្យទោសសរុបឡើងដល់ ១៥ ឆ្នាំក្នុងពន្ធនាគារ ។
សំណុំរឿងចុងក្រោយនេះ ប្តឹងដោយលោក អាណុន គ្លីនកែវ (Anon Klinkaew) ដែលជាមេដឹកនាំក្រុមរាជានិយម។ កញ្ញា កានរឿតៃ (Kanruetai) ធ្លាប់បានបដិសេធរាល់បទចោទប្រកាន់កាលពីដំបូង ប៉ុន្តែបានប្តូរមកជាយល់ព្រមសារភាពកំហុសវិញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦។ ក្នុងនោះ តុលាការ ក៏បានហាមឃាត់មិនឱ្យមានការរាយការណ៍អំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងបន្ទប់សវនាការថែមទៀតផង ។
ចំពោះទោសដំបូងរបស់នាង ដែលពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុកចំនួន ៨ ដង ត្រូវបានប្តឹងដោយមន្ត្រីនគរបាល ហើយនាងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ដោយមិនមានការអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ។ គិតមកទល់ពេលនេះ នាងបានជាប់ឃុំនៅក្នុងមន្ទីរអប់រំកែប្រែស្រ្តីអស់រយៈពេលជាង ១ ឆ្នាំ និង ៧ ខែមកហើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Getty Image & BBC