ព័ត៌មានអន្តរជាតិ

អង្គការសិទ្ធិមនុស្សថៃ បារម្ភរឿងកំណើនអ្នកទោសនយោបាយ ដោយជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការស្តារប្រជាធិបតេយ្យ

image

ថៃឡង់ដ៍៖ អង្គការមេធាវីសិទ្ធិមនុស្សថៃ ហៅកាត់ថា TLHR បានបង្ហាញទិន្នន័យអំពីស្ថានភាពអ្នកទោសនយោបាយក្នុងប្រទេសថៃ ដោយបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នាំ ២០២៤ និង ឆ្នាំ២០២៥ ចំនួនអ្នកជាប់ឃុំដោយសារតែសកម្មភាពនយោបាយ បានកើនឡើងពី ៣៩ នាក់ ទៅដល់ ៥៥ នាក់។ ការកើនឡើងអ្នកទោសនេះ បង្ហាញពីសម្ពាធកាន់តែខ្លាំងលើសកម្មជន និងអ្នកដែលបញ្ចេញមតិលើរឿងនយោបាយនៅក្នុងប្រទេសថៃ ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុត គឺការរឹតបន្តឹងលើសិទ្ធិទទួលបានការនៅក្រៅឃុំជាបណ្តោះអាសន្ន។ តុលាការថៃ បានបដិសេធលើសំណើសុំនៅក្រៅឃុំ ក្នុងអត្រាលើសពី ៩០% ទៅហើយ។ ជាឧទាហរណ៍ ក្នុងឆ្នាំ ២០២៥ មានសំណើសុំនៅក្រៅឃុំរហូតដល់ ២៣៥ លើក ប៉ុន្តែមានតែសំណើមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានការយល់ព្រម ខណៈអ្នកទោសភាគច្រើនត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ។

ការបដិសេធមិនឱ្យនៅក្រៅឃុំទ្រង់ទ្រាយធំបែបនេះ មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកជាប់ឃុំដែលមិនទាន់មានសាលក្រមស្ថាពរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យស្ថានភាពរស់នៅក្នុងពន្ធនាគារកាន់តែចង្អៀត និងលំបាកជាងមុន ហើយ TLHR ព្រមានថា ស្ថានភាពនេះនឹងកាន់តែធ្ងន់ធ្ងរនៅឆ្នាំ ២០២៦ ។

ជាដំណោះស្រាយ TLHR បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់ការឃុំខ្លួនរយៈពេលវែងដែលមិនសមហេតុផល។ សំណូមពរសំខាន់ គឺការបង្កើតច្បាប់លើកលែងទោសជាទូទៅ ដែលគ្របដណ្តប់លើគ្រប់ករណីនយោបាយទាំងអស់ ដោយមិនគិតថាជាបទចោទប្រភេទណានោះទេ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសថៃឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Getty Image & BBC