ក្រុមហ៊ុន CBS ដែលជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានផ្តល់ឱកាសដល់សិស្សានុសិស្ស មកពីសាលាអន្តរជាតិ SCIA មកទស្សនកិច្ចសិក្សា និងទទួលបានបទពិសោធន៍ជាមួយអ្នកជំនាញផ្ទាល់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលស្វាគមន៍ក្រុមសិស្សានុសិស្ស និងភ្ញៀវជាតំណាងមកពីថ្នាក់ទី១១ និងទី១២នៃសាលាអន្តរជាតិ SCIA ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
ក្នុងឱកាសនេះ ក្រុមសិស្សានុសិស្សបានទទួលឱកាសពិសេសក្នុងការទស្សនាស្ទូឌីយោផលិតកម្មជាក់ស្តែង ដែល CBS ប្រើសម្រាប់ផលិតកម្មកម្មវិធីធំៗ រួមមាន កម្មវិធីប្រគំតន្ត្រី កម្មវិធីប្រដាល់ កម្មវិធីកម្សាន្តសម្បូរបែប និងកម្មវិធីធំជាងគេ “MasterChef” ផងដែរ។
លើសពីនេះទៅទៀត ក្រុមសិស្សានុសិស្សបានសិក្សា និងទទួលបានបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញក្នុងវិស័យផ្សេងៗ រួមមាន ផ្នែកផលិតកម្ម (Production) ផ្នែកប្រតិបត្តិការ (Operation) និងផ្នែកព័ត៌មាន (News) ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ជាក់ស្តែងក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សានុសិស្សក្នុងការយល់ដឹងកាន់តែច្បាស់អំពីបរិបទការងារពិតក្នុងឧស្សាហកម្មផ្សព្វផ្សាយ ព្រមទាំងជួយលើកកម្ពស់ចំណេះដឹង និងការត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច ក្រុមសិស្សានុសិស្សបានត្រឡប់ទៅសាលាវិញជាមួយនឹងចំណេះដឹងដ៏មានតម្លៃ និងបទពិសោធន៍ផ្ទាល់ដ៏សម្បូរបែប។
CBS នឹងបន្តគាំទ្រនិងលើកកម្ពស់សកម្មភាពអប់រំ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្សព្វផ្សាយនៅកម្ពុជា។
សូមបញ្ជាក់ថា Cambodian Broadcasting Service (CBS) គឺជាក្រុមហ៊ុនផលិតមាតិកាចម្រុះឈានមុខគេនៅកម្ពុជា ដែលគ្រប់គ្រងស្ថានីយទូរទស្សន៍ធំៗដូចជា CTN, CNC, និង MyTV ព្រមទាំងផ្សព្វផ្សាយនូវមាតិកាគុណភាពខ្ពស់នៅលើទូរទស្សន៍ ឌីជីថល និងបណ្ដាញសង្គមនានា។ CBS គឺជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕