អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជន និងអនុប្រធាននៃគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន គ.ស.ឯ.រ.ជ រួមនិងក្រុមលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជន អញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់រដ្ឋមន្ត្រីដែលជាសហប្រធានដៃគូជាមួយផ្នែកឯកជន, ក្រុមលេខាធិការដ្ឋានក្រុមការងារផ្នែករដ្ឋាភិបាល, ក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖ ១). ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចាប់ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥, ២).ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF - SOPs)។
ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរចំពោះវឌ្ឍនភាពរបស់វេទិកានេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនវិស័យឯកជនបានយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព ចាប់តាំងពីការបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
អ្នកឧកញ៉ា បានបញ្ជាក់ថា វេទិកានេះបាននាំមកនូវផលវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ជាពិសេសក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានស្ថិរភាព និងរីកចម្រើនជាបន្តបន្ទាប់។
ជាមួយនេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា វេទិកានេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះយ៉ាងណា អ្នក ឧកញ៉ា ក៏បានលើកឡើងថា ការសម្រេចបាននូវចក្ខុវិស័យនេះ ទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគី ពិសេសការពន្លឿនកំណែទម្រង់ និងការបង្កើនប្រសិទ្ធភាពការងារ ដោយមិនអាចបន្តអនុវត្តវិធីសាស្ត្រដដែលៗបានទៀតឡើយ។ ក្នុងន័យនេះ ការចាប់ដៃគូយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាចំណុចស្នូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងរួមចំណែកលើកកម្ពស់បរិយា កាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានភាពទាក់ទាញ ប្រកួតប្រជែង និងសមស្របតាមស្ថានការណ៍សេដ្ឋកិច្ចជាតិ និងអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចជាថ្មីពីសារសំខាន់នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែបាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ ដោយទទួលស្តាប់នូវបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវដំណោះស្រាយជាក់ស្តែងឱ្យបានទាន់ពេលផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យបន្តរក្សាស្មារតីសហការយ៉ាងស្អិតរមួត និងបុរេសកម្មបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព សំដៅជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែងខ្ពស់ក្នុងតំបន់។
សូមជម្រាបថា បញ្ហាដែលលើកឡើងក្នុងក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩ គិតត្រឹម ឆមាសទី២ ឆ្នាំ២០២៥ សរុបមានចំនួន ១៩៨ ក្នុងនោះ ១៧៤ ស្មើនឹង៨៧,៩% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់ចំនួន ២៤ ស្មើនឹង ១២,១% កំពុងត្រូវបានដោះស្រាយ សំដៅឈានទៅសម្រេចបានដំណោះស្រាយវិជ្ជមានសម្រាប់វិស័យឯកជន៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត