ចិន-អ៊ុយរូហ្គាយ បង្កើតមន្ទីរពិសោធន៍រួមគ្នា ដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយព្យាបាលជំងឺកាចសាហាវ
ចិន-អ៊ុយរូហ្គាយ៖ កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសាកលវិទ្យាល័យ រីផាប់ប្ល៊ីក (Republic) នៃប្រទេសអ៊ុយរូហ្គាយ និងសាកលវិទ្យាល័យ ឈីងតាវ (Qingdao) នៃប្រទេសចិន បានឈានដល់កម្រិតថ្មីមួយ តាមរយៈការបង្កើតមន្ទីរពិសោធន៍រួមគ្នា បាយអូ-ណាណូហ្វាម៉ា (Bio-Nanopharma)។ ទីតាំងនេះបានក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ការស្រាវជ្រាវកម្រិតខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាណាណូ និងបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបង្កើតផលិតផលវេជ្ជសាស្ត្រ និងឱសថទំនើបៗ ។
គោលដៅចម្បងនៃការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍នេះ គឺស្វែងរកដំណោះស្រាយសម្រាប់ជំងឺកាចសាហាវពីរប្រភេទ ដូចជា ជំងឺមហារីកលំពែង និងសរសៃឈាមរួមតូច ឬស្ទះ ដែលបណ្តាលឱ្យខ្វះឈាមទៅចិញ្ចឹមសិរីរាង្គ។ ការប្រើប្រាស់បច្ចេកវិទ្យាណាណូអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រអាចបង្កើតវិធីសាស្ត្រព្យាបាលដែលមានប្រសិទ្ធភាព និងច្បាស់លាស់ជាងមុន ដែលជាក្តីសង្ឃឹមថ្មីសម្រាប់វិស័យសុខាភិបាល ។
ភាពជោគជ័យនៃមន្ទីរពិសោធន៍នេះ កើតចេញពីការផ្លាស់ប្តូរចំណេះដឹង និងធនធានមនុស្សរវាងប្រទេសទាំងពីរ។ អ្នកវិទ្យាសាស្ត្រអ៊ុយរូហ្គាយបានធ្វើដំណើរទៅសិក្សានៅប្រទេសចិន ខណៈអ្នកជំនាញចិនក៏បានមកជួយជ្រោមជ្រែងនៅអ៊ុយរូហ្គាយវិញ ដែលការណ៍នេះ បានផ្តល់ឱកាសឱ្យប្រទេសតូចដូចជាអ៊ុយរូហ្គាយ អាចទទួលបានបច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសមហាអំណាច ។
ក្រៅពីការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ គម្រោងនេះក៏មានមហិច្ឆតាចង់ចូលរួមក្នុងគំនិតផ្ដួចផ្ដើម "ខ្សែក្រវាត់ និងផ្លូវ" ដើម្បីពង្រីកវិសាលភាពការងារឱ្យកាន់តែធំ។ ផែនការបន្ទាប់គឺការបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការស្រាវជ្រាវ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវឱ្យទៅជាផលិតផលប្រើប្រាស់ជាក់ស្តែង ។
ជារួម កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែពង្រឹងចំណងមិត្តភាពរវាងចិន និងអ៊ុយរូហ្គាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូនៃភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកថែមទៀតផង។ តាមរយៈការរួមបញ្ចូលធនធាន និងការប្តេជ្ញាចិត្តខ្ពស់ ប្រទេសទាំងពីររំពឹងថា នឹងអាចបង្កើតបាននូវសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗ ដែលអាចជួយសង្គ្រោះជីវិតមនុស្ស និងជំរុញវិស័យវេជ្ជសាស្ត្រឱ្យកាន់តែជឿនលឿន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.