ព័ត៌មានជាតិ

កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចពិភាក្សាលើការវិវត្តនៃភាពជាដៃគូ ដែលនឹងផ្តោតលើការវិនិយោគ ដើម្បីត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច

image

ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានបើកកិច្ចពិភាក្សាដោយសង្កត់ធ្ងន់លើការវិវត្តនៃភាពជាដៃគូ ដែលនឹងផ្តោតលើការវិនិយោគ ដើម្បីពង្រឹងភាពធន់និងបរិយាកាសវិនិយោគរបស់កម្ពុជា ដើម្បីត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមាន ការអភិវឌ្ឍតិចតួច (LDC) នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក Ian Hoskins ប្រធានផ្នែកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) និងលោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា។

គោលបំណងចម្បងនៃជំនួបនេះគឺ ដើម្បីផ្លាស់ប្តូរទស្សនៈលើភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប នាពេលអនាគត ដោយផ្តោតសំខាន់លើការអនុវត្តអភិក្រមក្រុមអឺរ៉ុប (Team Europe Approach) ក្នុងយុទ្ធសាស្ត្ររួម ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ (JES 2021-2027) និងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប (European Global Gateway)។

លោកទេសរដ្ឋមន្ត្រី បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងកោតសរសើរលោក Ian Hoskins ក្នុងការធ្វើជាសហប្រធានក្នុងកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការ នៃកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣។ កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជ្រោមជ្រែងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមាន ការអភិវឌ្ឍតិចតួច (LDC) និងការសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអភិក្រមក្រុមអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគាំទ្រក្នុងវិស័យអាទិភាពដូចជា ការអភិវឌ្ឍជនបទ, អភិបាលកិច្ច, វិស័យកសិកម្ម, ការផ្គត់ផ្គង់ទឹកស្អាត, ថាមពលកកើតឡើងវិញ, សុខភាពសាធារណៈ, ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម, វិស័យអប់រំ និងបរិវត្តកម្មឌីជីថល។

លោក Ian Hoskins បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោក Ian Hoskins បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអភិក្រមក្រុមអឺរ៉ុប ក្នុងការធានាឱ្យមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងសមាជិកសហភាពអឺរ៉ុប និងការគាំទ្រដល់វិស័យអាទិភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ននៅកម្ពុជា៕

អត្ថបទ៖ចេង ឆហួត និងរូបភាព៖កែវ ភិរុណ