ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ បើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ

image

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងាររបស់វិស័យយុត្តិធម៌ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ ក៏ដូចជា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមនៅក្នុងវិស័យនេះ ទាំងលើការអនុវត្តច្បាប់ ទាំងលើការបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ ព្រមទាំងដាក់ចេញនូវដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៣ ហើយដែលក្រសួង បានរួមគ្នារៀបចំធ្វើសន្និបាតនៃវិស័យយុត្តិធម៌តាមរបៀបថ្មី សំដៅធ្វើយ៉ាងណាឱ្យសន្និបាតនេះ ក្លាយជាវេទិកានៃការជួបជុំដ៏ធំប្រចាំឆ្នាំ ប្រកបដោយខ្លឹមសារ និងមានភាពរស់រវើក សម្រាប់ឱ្យគ្រប់តួអង្គប្រតិបត្តិករក្នុងវិស័យយុត្តិធម៌ ប្រមូលផ្តុំនូវស្មារតី និង បញ្ញាញាណទាំងមូល ដើម្បី៖ (ទី១)-ពិនិត្យមើលអំពីស្ថានភាព និង បច្ចុប្បន្នភាពនៃវិស័យយុត្តិធម៌យើង, (ទី២)-ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមជាមូលដ្ឋាន នៅក្នុងវិស័យនេះ ទាំងលើការបំពេញការងារ ទាំងលើការអនុវត្តច្បាប់, (ទី៣)-ដាក់ចេញនូវ ដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង (ទី៤)- ផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងអំពីការវិវត្តថ្មីៗក្នុងវិស័យយុត្តិធម៌ ដោយប្រកាន់យកនូវអភិក្រម “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងគោលជំហរ, ទិសដៅ និងចក្ខុវិស័យរួមតែមួយ ក្នុងជំហានកាន់តែបុរេសកម្ម, កាន់តែសកម្ម, កាន់តែស្វាហាប់ និង ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមផង និង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ផង។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សង្ឃឹមថា អង្គសន្និបាត នឹងបន្តរួមគ្នាជាធ្លុងមួយក្នុងការចូលរួមឱ្យបានកាន់តែសកម្ម, កាន់តែស្វាហាប់ និង ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីនាំមកនូវការប្រែប្រួលជាវិជ្ជមាន និងល្អប្រសើរឡើងបន្ថែមទៀតនូវមុខមាត់ នៃវិស័យយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៅក្នុងសង្គមជាតិ ហើយទទួលបាននូវជំនឿទុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលនេះគឺជាបំណងដ៏ពិសិដ្ឋរបស់ប្រជាជន ហើយក៏ជាបំណងប្រាថ្នារបស់តួអង្គគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ដូចជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឱ្យដឹងថា ក្នុងរយៈពេលពេញ ១ឆ្នាំ នៃឆ្នាំ២០២៥ កន្លងទៅនេះ, វិស័យយុត្តិធម៌សម្រេចបាននូវលទ្ធផលជាច្រើន។ ប៉ុន្តែ, ទន្ទឹមនឹងសមិទ្ធផលជាច្រើននេះ, វិស័យយុត្តិធម៌ក៏នៅជួបប្រទះបញ្ហាប្រឈមជាមូលដ្ឋានមួយចំនួន ទាំងលើការអនុវត្តច្បាប់ ទាំងលើបញ្ហាអភិបាលកិច្ចនៅតាមសាលាជម្រះក្តី ដែលត្រូវរួមគ្នាបន្តដោះស្រាយជាបន្តបន្ទាប់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់អភិបាលកិច្ចការងារលើការដឹកនាំ និងគ្រប់គ្រងនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសង្កត់ធ្ងន់ថា យើងមានភាពចាំបាច់ក្នុងការលើកយកបញ្ហាទាំងនេះ ធ្វើជាប្រធានបទសម្រាប់អង្គសន្និបាតជជែក និងពិភាក្សា ដើម្បីដាក់ចេញនូវសេចក្តីសម្រេចចិត្តរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយ ដែលអាចធានាបាននូវការឯកភាពគ្នា ក៏ដូចជា ឯកសណ្ឋានភាព ទាំងលើគោលជំហរ ទាំងលើទស្សនៈ និង លើការបកស្រាយច្បាប់ សម្រាប់យកទៅអនុវត្តនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌នៅកម្ពុជា៕