អាជ្ញាធររាជធានីភ្នំពេញ ផ្តល់អាទិភាពទៅឱ្យក្រុមការងារ ស.ស.យ.ក លើការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារររដ្ឋបាលរាជធានីភ្នំពេញ បញ្ជូលបន្ថែមការងារទៅឱ្យសហភាពសហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក) ពិសេសលើការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រោះថា សហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំនេះទទួលបានជោគជ័យរហូតមកហើយ។
លោក ឃួង ស្រេង បានណែនាំដូចនេះក្នុងពេលដឹកនាំអង្គប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥ ខែមីនា នេះ ដោយមានការចូលរួមពី លោក សំហេង បុរស សមជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ថា ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរឆ្នាំមមី ឆ្នាំ២០២៦ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ដោយសហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំព្រឹត្តិការណ៌នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។ ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោក ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែហ្មត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា។ ដូចនេះកងកម្លាំង និងអាជ្ញាធរទាំងអស់ដាក់ចិត្តដាក់កាយធ្វើការងារនេះដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាជន ដោយគ្រប់គណៈកម្មាការទាំងអស់ មានបញ្ហាអីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានភាពជោគជ័យ និងសប្បាយរីករាយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា រៀបចំលើ៦ទីតាំងដោយក្នុងនោះមានទីតាំងធំៗចំនួន ៣កន្លែង និងតូចចំនួន៣កន្លែងទៀតសម្រាប់ទីតាំងធំៗ ៣កន្លែងនោះ រួមមាន ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាកលេននៅផ្លូវ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង៕