ព័ត៌មានជាតិ

អ៊ីរ៉ង់ ទាត់ចោលម្ដងទៀតនូវការអះអាងរបស់លោក ត្រាំ រឿងចរចា ដោយនិយាយថា អាមេរិកកំពុងចរចាជាមួយខ្លួនឯង

image

អ៊ីរ៉ង់៖ ប្រទេសអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមក រហូតមកដល់ថ្ងៃទី២៥ ខែមីនានេះ ចំពេលដែលអ៊ីរ៉ង់បានទាត់ចោលម្តងទៀតនូវការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា សហរដ្ឋអាមេរិកកំពុងចរចាដើម្បីបញ្ចប់សង្រ្គាម ដោយអ៊ីរ៉ង់និយាយថា អាមេរិកកំពុងចរចាជាមួយខ្លួនឯង ។

ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កំពុងមានការចរចាដើម្បីបញ្ចប់សង្រ្គាមក៏ដោយ ក៏យោធាអ៊ីរ៉ង់បានចេញមុខទាត់ចោលទាំងស្រុង និងបានឌឺដងថា លោក ត្រាំ កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯងប៉ុណ្ណោះ។

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនមិនអាចទុកចិត្តអាមេរិកបានឡើយ ដោយសារតែប្រវត្តិដែលអាមេរិកធ្លាប់លួចវាយប្រហារអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាកាលពីពេលកន្លងទៅ។ ជំហររឹងទទឹងរបស់អ៊ីរ៉ង់ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ស្ថិតក្នុងភាពទាល់ច្រក បើទោះបីជាមានការផ្ញើផែនការសន្តិភាព ១៥ ចំណុចទៅឱ្យទីក្រុងតេហរ៉ង់ក៏ដោយ ។

សង្រ្គាមរយៈពេលមួយខែនេះ មិនត្រឹមតែសម្លាប់មនុស្សច្រើនប៉ុណ្ណោះទេ ប៉ុន្តែបានបង្កឱ្យមានការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចប្រេងពិភពលោក នាំឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃទូទាំងសកលលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (Osint613/X)/ inkl on Microsoft Bing/ (Reuters/Tomer Appelbaum)/ (Reuters/Ronen Zvulun)