ព័ត៌មានជាតិ

យានដឹកទំនិញរុស្ស៊ី Progress MS-33 ជោគជ័យក្នុងការនាំយកស្បៀង និងសម្ភារជាង ២,៥ តោនទៅទីអវកាស ដើម្បីផ្គត់ផ្គង់អវកាសយានិក

image

រុស្ស៊ី៖ យានអវកាសដឹកទំនិញរបស់រុស្ស៊ីប្រភេទ ប្រូហ្គេស អិមអេស៣៣ (Progress MS-33) បានបញ្ចប់ការធ្វើដំណើរពីផែនដីទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យ តាមរយៈការចូលចតភ្ជាប់ជាមួយម៉ូឌុលផយ (Poisk) កាលពីថ្ងៃអង្គារ។ យាននេះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ២២ ខែមីនា ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត សូយូស ២.១អេ (Soyuz-2.1a) ចេញពីមូលដ្ឋាន បៃកូន័រ (Baikonur) ។

នៅក្នុងបេសកកម្មនេះ យាន Progress MS-33 បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់ដែលមានទម្ងន់សរុបជាង ២,៥ តោន។ អ្វីដែលសំខាន់បំផុតនោះ គឺការផ្គត់ផ្គង់នូវតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អវកាសយានិក រួមមានទឹកស្អាត អាហារ សម្ភារអនាម័យ និងអុកស៊ីសែនសម្រាប់ដកដង្ហើម ដែលធានាថាការរស់នៅ និងការធ្វើការនៅលើទីអវកាសមិនមានភាពរអាក់រអួល ។

ក្រៅពីស្បៀងអាហារ យាននេះក៏បានដឹកជញ្ជូននូវគ្រឿងបច្ចេកទេស និងប្រេងឥន្ធនៈសម្រាប់ដំឡើង និងជួសជុលឧបករណ៍ផ្សេងៗនៅលើស្ថានីយអវកាសផងដែរ។ កិច្ចការដឹកជញ្ជូននេះ គឺជាប្រតិបត្តិការជាប្រចាំដែលរៀបចំដោយទីភ្នាក់ងារ រ៉ូសខូស្មូស (Roscosmos) ដើម្បីគាំទ្រដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងធានាសុវត្ថិភាពដល់ក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅក្នុងគន្លងគោចរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.