រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ មរណភាពមាតា បានថយចុះពី៧៩ករណី ក្នុងឆ្នាំ២០២៤ មកត្រឹម៤៦ករណី ក្នុងឆ្នាំ២០២៥ ខណៈក្រសួងបាននិងកំពុងខិតខំថែមទៀត ក្នុងការកែលម្អសេវាសុខាភិបាលនៅកម្ពុជា
ភ្នំពេញ៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR) ថ្នាក់ជាតិ បានមានប្រសាសន៍ថា លទ្ធផលនៃការពិនិត្យឡើងវិញ នូវមរណភាពមាតាចំនួន ៤៦ ករណី និងមរណភាពទារក ១១៧ ករណី ក្នុងឆ្នាំ ២០២៥ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់ សម្រាប់ការកែលម្អសេវាសុខាភិបាលរបស់កម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦, លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ទោះបីជាចំនួនមរណភាពមាតា ដែលបានរាយការណ៍មានការថយចុះពី៧៩ករណី ក្នុងឆ្នាំ២០២៤ មកត្រឹម៤៦ករណី ក្នុងឆ្នាំ២០២៥ ក៏ដោយ ក៏ក្រសួងមិនមានការធ្វេសប្រហែសឡើយ។
បញ្ហាប្រឈមដែលបានរកឃើញក្នុងឆ្នាំ ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវចំណុចខ្វះខាតមួយចំនួន រួមមាន៖ ១. ការដោះស្រាយការពន្យារពេលទី ៣ (ការផ្តល់សេវា និងប្រព័ន្ធបញ្ជូន) ក្នុងនោះ ត្រូវពង្រឹងការទំនាក់ទំនងជាមុន, ធានាស្ថិរភាពអ្នកជំងឺអំឡុងពេលបញ្ជូន និងពង្រឹងភាពជាអ្នកដឹកនាំ ២. ការដោះស្រាយចំណុចខ្វះខាតផ្នែកគ្លីនិក ក្នុងនោះត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP), ពង្រឹងគុណភាពថែទាំករណីហានិភ័យខ្ពស់ និងធានាការផ្គត់ផ្គង់ឱសថ ឱ្យបានគ្រប់គ្រាន់ និងជាប្រចាំនៅគ្រប់កម្រិត និង៣. ការដោះស្រាយការពន្យារពេលទី ១ (ការស្វែងរកសេវាថែទាំ) ដោយត្រូវបង្កើនការចូលរួមពីសហគមន៍, ផ្តោតលើក្រុមងាយរងគ្រោះ និងការអប់រំអំពីសញ្ញាគ្រោះថ្នាក់ ដើម្បីកាត់បន្ថយការយឺតយ៉ាវ ក្នុងការសម្រេចចិត្ត ស្វែងរកសេវា។
សូមជម្រាបថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ រៀបចំឡើងដើម្បីឱ្យថ្នាក់ ដឹកនាំ និងអ្នកផ្តល់សេវាថែទាំសុខភាពមកពីគ្រប់រាជធានី-ខេត្ត បានរួមគ្នាពិភាក្សា និងឯកភាពលើផែនការឆ្លើយតប ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥កន្លងទៅ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ សារិទ្ធ