ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា ព្រមានពីកម្មវិធី PAI ឬ PaiPay ដែលកំពុងដំណើរការដោយខុសច្បាប់ និងអាចបង្កហានិភ័យឆបោកខ្ពស់

image

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្រមានដល់សាធារណជនអំពីកម្មវិធី PAI ឬ PaiPay ដែលកំពុងដំណើរការដោយមិនស្របច្បាប់នៅលើបណ្តាញសង្គម Telegram និងអាចបង្កហានិភ័យឆបោកតាមប្រព័ន្ធអនឡាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្មវិធី PAI ឬ PaiPay កំពុងដំណើរការលើ Telegram ក្នុងទម្រង់ជា Chat Bot និងអាចទាញយកតាម App Store និង Google Play Store ដោយមានមុខងារដូចជា បង្កើតគណនី (Wallet) ដាក់ប្រាក់ ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា PAI ឬ PaiPay មិនមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថានដែលមានអាជ្ញាបណ្ណពីធនាគារជាតិនោះទេ។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញសង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។

ក្នុងបរិបទនេះ ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះការប្រើប្រាស់កម្មវិធីហិរញ្ញវត្ថុដែលមិនមានអាជ្ញាបណ្ណ ព្រោះអាចប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិដោយសារការឆបោកតាមអនឡាញ។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើសកម្មភាពផ្សព្វផ្សាយមិនស្របច្បាប់របស់កម្មវិធីមួយនេះ៕