ព័ត៌មានអន្តរជាតិ

មេបក្សប្រឆាំង៖ វេណេហ្ស៊ូអេឡាអាចផលិតប្រេងបាន ៥ លានបារ៉ែលក្នុងមួយថ្ងៃ បើមានការវិនិយោគប្រហែល ១៥០ ពាន់លានដុល្លារ

image

វេណេហ្ស៊ូអេឡា៖ មេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ូអេឡា លោកស្រី ម៉ារៀ ខូរីណា ម៉ាឆាដូ (Maria Corina Machado) បានធ្វើការប៉ាន់ប្រមាណថា ប្រទេសវេណេហ្ស៊ូអេឡាមានសក្ដានុពលអាចផលិតប្រេងបានរហូតដល់ ៥ លានបារ៉ែលក្នុងមួយថ្ងៃ បើមានការវិនិយោគសរុបប្រហែល ១៥០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក្ដី លោកស្រីយល់ថា ទំនុកចិត្តរបស់វិនិយោគិននឹងកើតមានពេញលេញ លុះត្រាតែមានការប្តូររដ្ឋាភិបាលតាមរយៈការបោះឆ្នោតប្រធានាធិបតី ដែលនឹងផ្តល់នូវស្ថាប័នឯករាជ្យ និងការការពារកិច្ចសន្យាវិនិយោគរយៈពេលវែង ។

ការលើកឡើងខាងលើនេះ ធ្វើឡើងអំឡុងលោកស្រីម៉ាឆាដូ បង្ហាញវត្តមាននៅក្នុងសន្និសីទថាមពលដ៏ធំមួយឈ្មោះ សេរ៉ាវីក (CERAWeek) ក្នុងទីក្រុងហ៊ូស្តុន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ។ លោកស្រីសង្កត់ធ្ងន់ថា ទោះបីជាមានការកែទម្រង់ច្បាប់ប្រេងខ្លះៗនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែវេណេហ្ស៊ូអេឡាត្រូវការច្បាប់ប្រេងថ្មីដែលមានតម្លាភាព និងគោរពនីតិរដ្ឋពិតប្រាកដ ដើម្បីធានាសុវត្ថិភាពដល់ក្រុមហ៊ុនបរទេសដែលចង់មកវិនិយោគទ្រង់ទ្រាយធំ ។

ស្របពេលជាមួយគ្នា ក្រុមហ៊ុនប្រេងធំៗ ដូចជា ឆេវរ៉ុន (Chevron) និង ខូណូខូ ហ្វីលីភ (ConocoPhillips) បានបង្ហាញគោលជំហរប្រុងប្រយ័ត្ន ដោយយល់ថាកំណែទម្រង់ច្បាប់បច្ចុប្បន្ននៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ វិនិយោគិនចង់ឃើញការរៀបចំប្រព័ន្ធពន្ធដារឡើងវិញ រួមទាំងការដោះស្រាយវិវាទកិច្ចសន្យាចាស់ៗឱ្យបានច្បាស់លាស់ ខណៈបច្ចុប្បន្ន សហរដ្ឋអាម៉េរិកនៅតែបន្តត្រួតពិនិត្យចំណូលពីការលក់ប្រេងរបស់វេណេហ្ស៊ូអេឡា ដើម្បីទប់ស្កាត់ការប្រើប្រាស់ថវិកាក្នុងផ្លូវមិនត្រឹមត្រូវ ។

ជាចុងក្រោយ អនាគតនៃវិស័យថាមពលវេណេហ្ស៊ូអេឡាកំពុងស្ថិតក្នុងចំណុចរបត់មួយរវាង «ការព្យាយាមទាក់ទាញអ្នកវិនិយោគរបស់រដ្ឋបាលបណ្តោះអាសន្នបច្ចុប្បន្ន និងការសន្យាកែទម្រង់ស៊ីជម្រៅរបស់បក្សប្រឆាំង» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via RT | រូបភាព៖ (REUTERS/Danielle Villasana)/ pipeline-journal via Microsoft Bing