ព័ត៌មានជាតិ

ក្នុងខែមីនា ACU ទទួលបានពាក្យបណ្តឹងចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ៣ករណី ដែលមានជនសង្ស័យចំនួន ១០រូប

image

ភ្នំពេញ៖ ក្នុងខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពេីពុករលួយ (អ.ប.ព.) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងសរុបចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ៣ករណី ដែលមានជនសង្ស័យចំនួន ១០រូប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។សំណុំរឿងទាំងនោះពាក់ព័ន្ធអំពើបំផ្លាញ និងគៃបំបាត់ ទន្ទ្រាន ហ៊ុមព័ទ្ធ កាន់កាប់ ដុត កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តដោយឈ្មោះ ស្រ៊ុន សុផល (គេចខ្លួន) និងមានជនសង្ស័យ ៣រូប ឈ្មោះ គី រតនា ភេទប្រុស អាយុ ៧១ ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន, ឈ្មោះ ឈៀង ថាវរិទ្ធ ភេទប្រុស អាយុ ៦៨ឆ្នាំ និងឈ្មោះ ចំរើន វិសាល ភេទប្រុស អាយុ ២០ ឆ្នាំ ដែលអ្នកទាំង៣ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើបំផ្លាញ និងគៃបំបាត់។

ដោយឡកនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធអំពើរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ ប្រព្រឹត្តដោយមន្រ្តី អ.ប.ព. ២រូប និងអ្នកសមគំនិត ១រូប ដែលមានជនសង្ស័យ ឈ្មោះ ជឹមអូន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយជាប់សង្ស័យក្នុងអំពើរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល, ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជំនួយការ ជឹម អូន ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច និង ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំមន្រ្តី នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច។

ក្រៅពីនេះករណីអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើសតាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រីសាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ ជាដេីម ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អ.ប.ព. បានកសាងសំណុំរឿងពាក់ព័ន្ធអំពើរំលោភអំណាច និងសម្អាតប្រាក់ ដែលមានជនសង្ស័យ ៤រូប ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ឈ្មោះ ម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុងជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់ និងឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ មេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់, ឈ្មោះ ផល ដុល្លា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់។ នេះបេីយោងតាមរបាយការណ៍របស់ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អង្គភាពប្រឆាំងអំពេីពុករលួយ ដែលបានដាក់ជូនកិច្ចប្រជុំលើកទី៨ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បី ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៧ អាណត្តិទី៤ និងរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង បញ្ហាផ្សេងៗទៀតនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងរបាយការណ៍របស់ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ក៏បានឱ្យដឹងដែរថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ដ្រីចំនួន ១៧២រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ១១រូប, មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៦២រូប, មន្រ្តីចំនួន ២រូប ប្រកាសដោយតម្រូវការស៊ើបអង្កេត។ ដោយឡែកមន្ដ្រីចំនួន ១០៨រូបទៀត បានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។

សម្រាប់ការងារអប់រំ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “គណនេយ្យភាពនិងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា” ព្រមទាំងផ្តល់ការផ្សព្វផ្សាយដោយផ្ទាល់ “ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ជូនដល់អង្គសិក្ខាសាលា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានអ្នកចូលរួមដោយផ្ទាល់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ សរុបប្រមាណ ១ ៩០០នាក់ ដែលមានតំណាងមកពីក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានល្អ នូវសសរស្តម្ភពីរ នៃអភិបាលកិច្ចល្អ គឺគណនេយ្យភាព និងតម្លាភាព។ អង្គសិក្ខាសាលានេះ បាន
សម្រាប់ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ អ.ប.ព. បានចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងបញ្ចប់ថ្នាក់ជាតិរបស់និសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៥ ដែលរៀបចំដោយទីស្តីការ គណៈរដ្ឋមន្រ្តី និងក្រសួងសុខាភិបាល។ អ.ប.ព. បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន១៥៥ គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៤៩អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។  

ចំពោះការងារបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព. សរុបចំនួន ៦៥រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំរួមស្តីពី “គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល” ដោយទទួលបទឧទ្ទេសនាមពី លោក អៀង សូយ៉ារ៉ូ មន្រ្តីជំនាញនៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកែប។

ដោយឡែកថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព. ១២០នាក់ ក៏បានទទួលវគ្គបណ្តុះបណ្តាលមួយផ្សេងទៀត រយៈពេល ២ថ្ងៃ ស្តីពី “ការតាមដាន និងវាយតម្លៃ” ដែលបានផ្តល់បទឧទ្ទេសនាម ដោយលោក សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហើយបានធ្វើឡើងនៅ អ.ប.ព. កាលពីថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០២៦ 

សូមបញ្ជាក់ថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្ដល់អនុសាសន៍ល្អៗចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕