ជប៉ុនផ្តល់ថវិកា ជាង ៤៩ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់កែលម្អការអប់រំកុមារតូចនៅខេត្តកំពង់ធំ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកា ៤៩៣,៧៦៥ដុល្លារ ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង។
គម្រោងកែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេសកម្ពុជា (ថវិកាចំនួន ៤៩៣.៧៦៥ ដុល្លារ) ដែលមានស្ថាប័នទទួលជំនួយគឺ អង្គការទស្សនៈពិភពលោកជប៉ុន។ គម្រោងនេះមានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូចក្នុងខេត្តកំពង់ធំ។ ធាតុផ្សំសំខាន់ៗរបស់គម្រោង រួមមាន ការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅ តាមរយៈការបណ្តុះបណ្តា លគ្រូ ការអនុវត្តថ្នាក់បំប៉ងដោយផ្អែកលើការវាយតម្លៃការសិក្សា និងការកែលម្អបរិយាកាសសិក្សា។
អង្គការទស្សនពិភពលោកជប៉ុន បានលេីកឡេីងថា នៅក្នុងប្រទេសកម្ពុជា អត្រាចូលរៀនថ្នាក់បឋមសិក្សាមានកម្រិតខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការធានាឱ្យកុមារទាំងអស់ទទួលបានការអប់រំកម្រិតបឋមសិក្សាដែលមានគុណភាព និងទទួលបានជំនាញមូលដ្ឋានផ្នែកសិក្សា។ ទោះជាយ៉ាងណាក្តីនៅតាមតំបន់ជនបទ កុមារជាច្រើននៅតែប្រឈមមុខនឹងការលំបាក នៅក្នុងមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យា។ បញ្ហាទាំងនេះកើតឡើងពីកត្តាជាច្រើន រួមមានឱកាសបណ្តុះបណ្តាលគ្រូបង្រៀនមានកម្រិត កង្វះខាត សម្ភារបង្រៀន និងសម្ភារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់។ តាមរយៈគម្រោងនេះ នឹងគាំទ្រសាលាបឋមសិក្សាចំនួន ៦ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលនឹងត្រូវពង្រឹងសមត្ថភាពបង្រៀនរបស់គ្រូ តាមរយៈការបណ្តុះបណ្តាល, បង្កើតប្រព័ន្ធគាំទ្រសម្រាប់កុមារដែលរៀនមិនទាន់ដល់កម្រិត, និងកែលម្អបរិយាកាសសិក្សា ដើម្បីធានាថាមានសុវត្ថិភាព និងអំណោយផលសម្រាប់ការសិក្សា ដើម្បីធានាថា កុមារអាចបន្តការសិក្សាដោយមានទំនុកចិត្ត និងមានភាពប្រសើរឡើងនៅក្នុងមុខវិជ្ជាភាសារខ្មែរ និងគណិតវិទ្យា។
សូមបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារ ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕