ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ស្នើដល់ស្ថាប័នពាក់ព័ន្ធ ឱ្យលើកទឹកចិត្តដល់កសិករដាំដំណាំចម្រុះ និងចិញ្ចឹមសត្វ ដោយប្រើបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីគិតគូរដល់អាហារូបត្ថម្ភ និងកាត់បន្ថយជំងឺនានា
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យលើកទឹកចិត្តកសិករ ដាំដំណាំចម្រុះ ចិញ្ចឹមសត្វ និងអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីជំរុញប្រព័ន្ធកសិកម្មដែលផ្តោតលើអាហារូបត្ថម្ភ និងភ្ជាប់ជាមួយសុខាភិបាល ទឹកស្អាត និងអនាម័យ ក្នុងគោលបំណងកាត់បន្ថយជំងឺ និងលើកកម្ពស់សុខភាពប្រជាជន។
ការស្នើបែបនេះរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យកសិកម្មត្រូវអភិវឌ្ឍឲ្យមានផលិតភាពខ្ពស់ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រជីវចម្រុះ ដោយលើកទឹកចិត្តការប្រើប្រាស់បច្ចេកទេសទំនើប កាត់បន្ថយសារធាតុគីមី ការពារធនធានដី និងទឹក និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ជាមួយគ្នានេះ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ត្រូវសហការជាមួយភាគីពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទាន និងផែនការសកម្មភាពជាក់ស្តែង ដើម្បីកៀរគរថវិកា និងធនធានសម្រាប់អនុវត្តផែនទីបង្ហាញផ្លូវនេះ។ ការតាមដាន និងវាយតម្លៃលទ្ធផលក៏ត្រូវធ្វើជាប្រព័ន្ធ និងភ្ជាប់ជាមួយយុទ្ធសាស្ត្រជាតិពាក់ព័ន្ធនានា។
លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា កម្ពុជាកំពុងស្ថិតនៅដំណាក់កាលសំខាន់នៃការប្រែក្លាយប្រព័ន្ធស្បៀង ខណៈការកើនឡើងនៃនគរូបនីយកម្ម ការផ្លាស់ប្តូរប្រជាសាស្ត្រ និងអាកាសធាតុ កំពុងប៉ះពាល់ដល់របៀបផលិត និងប្រើប្រាស់អាហារ។ ទោះយ៉ាងណា កម្ពុជាមានឱកាសក្នុងការលើកកម្ពស់ជីវភាពកសិករ ការពារធនធានធម្មជាតិ និងបង្កើនសុខភាពប្រជាជន តាមរយៈប្រព័ន្ធស្បៀងមានចីរភាព។
លោល សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានលើកឡើងក្នុងបទបង្ហាញថា ផែនទីបង្ហាញផ្លូវលើកទី២នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធស្បៀងមួយ ដោយផ្តោតសំខាន់លើការពង្រឹងភាពធន់ សមភាពយេនឌ័រ និងបរិយាប័ន្នសង្គម ព្រមទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី យុវជន និងក្រុមដែលគេរើសអើង ដើម្បីប្រជាពលរដ្ធគ្រប់រូបទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា៕
អត្ថបទ៖ ចេង ឆហួត