ព័ត៌មានជាតិ

ភូមិខ្មែរជិត ៤០០ភូមិ ក្នុងខេត្តចំនួន ៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ទទួលរងគ្រោះដោយការទម្លាក់គ្រាប់បែកចង្កោមរបស់ទាហានថៃឈ្លានពាន

image

សៀមរាប៖ ភូមិខ្មែរប្រមាណជិត ៤០០ភូមិ ក្នុងខេត្តតាមបន្ទាត់ព្រំដែនចំនួន៦ បានទទួលរងគ្រោះដោយការទម្លាក់គ្រាប់បែកចង្កោមរបស់ទាហានសៀម ក្នុងអំពើឈ្លានពានចំនួន ២លើក មកលើបូរណភាពទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

លោក ហេង រតនា បានលើកឡើងដូចនេះក្នុងពិធីបើកសិក្ខាសាលាស្តីពី "គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series" នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។ លោកបានបញ្ជាក់ថា នៅក្នុងអំពើឈ្លានពានមកលើទឹកដីកម្ពុជាទាំង២លើក ទាហានថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់មកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានគ្រាប់បែកចង្កោម ៣ប្រភេទ សំខាន់គឺ M42 M46 និងM85។ តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាពCMAC នៅតំបន់រងផលប៉ះពាល់ចំនួន ៣៧១ភូមិ ក្នុងខេត្តចំនួន ៦ តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ ៣,៦០០ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ ២,៣៦០គីឡូម៉ែត្រក្រឡា។ គ្រាប់បែកចង្កោមទាំងនេះបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិល និងទីតាំងកងទ័ពជាដើម។
លោក ហេង រតនា បានបន្តថា ផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរី(M)នេះ អាចធ្វើការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ155MM មានចំនួនប្រមាណ ១២០,០០០ទៅ១៣០,០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី៦លាន ទៅ៧លានគ្រាប់។ ការស្រាវជ្រាវជាមូលដ្ឋាននេះមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។

សូមជម្រាបថា សិក្ខាសាលាស្តីពី "គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series" ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ ដោយមានមន្ត្រីជំនាញមកពីអង្គភាពCMAC និងអង្គការដៃគូអន្តរជាតិសំខាន់ៗ រួមមាន អង្គការNPA, អង្គការGolden West និងអង្គការAPOPO ជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរីM ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន ហើយគ្រាប់បែកចង្កោមប្រភេទស៊េរីM ត្រូវបានគេឃើញមានប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ ស៊ីរី អ៊ុយក្រែន និងយេមែន ជាដើម៕


អត្ថបទ៖ ជា ស្រស់