ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ទោះបីយើងកំពុងបំពេញការងាររៀងៗខ្លួនយ៉ាងណា ក៏ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក មានគ្រប់វេលា

image

ភ្នំពេញ៖ ក្រោយបានស្តាប់បទបង្ហាញ និងកិច្ចពិភាក្សាជាច្រើនពេញមួយថ្ងៃកន្លងមក ថ្ងៃនេះ សន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​ក្រសួង​មុខ​ងារ​សាធារណៈ បានឈានមកដល់ថ្ងៃបញ្ចប់ ជាមួយវត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា “ទោះបីយើងកំពុងបំពេញការងាររៀងៗខ្លួនយ៉ាងណា ក៏ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក មានគ្រប់វេលា។”

លោកឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមថា សន្និបាត ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់​គ្រប់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធ ជួបជុំធ្វើការពិភាក្សាវាយតម្លៃការងារដែលសម្រេចបាន គិតគូរពីផលជះ បញ្ហាប្រឈម និងការកំណត់ទិសដៅអនុវត្តបន្ត សម្រាប់វិស័យមុខងារសាធារណៈ ដែលជា “ឆ្អឹងខ្នង” នៃប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ "បើគិតមកដល់ពេលនេះ យើងអាចវាយតម្លៃបានថាក្នុងរយៈពេលជាង ២ឆ្នាំកន្លះ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធ ផលជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជន រួមទាំងក្នុងវិស័យមុខងារសាធា រណៈទោះ បីជាត្រូវប្រឈមនឹងការរំខានមួយចំនួន ដែលជាវិញ្ញាសាស្មុគស្មាញ​ជាច្រើន ទាំងក្នុង និងក្រៅប្រទេស។"

ក្នុងនាម សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ អបអរសាទរ កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ សម្រេចបាន ក្នុងការដឹក នាំ គ្រប់គ្រង និង​អភិវឌ្ឍវិស័យ​មុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការ​ជំរុញ​ការ​អនុវត្តវិធាន​ការ​គន្លឹះទាំង៣ក្នុង​ការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយ​ភាពសកម្មបុរេសកម្ម នវានុវត្តន៍ ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់៕

អត្ថបទ៖ វង សុភ័ក្ត្រ