ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យជំនាញ ចុះពិនិត្យបាតភ្នែកជូនអ្នកជំងឺទឹកនោមផ្អែម ដើម្បីរកឱ្យឃើញទាន់ពេលវេលា និងទប់ស្កាត់ផលវិបាករបស់ជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកថ្មគោល និងបវេល ដោយឥតគិតថ្លៃ

image

បាត់ដំបង ៖ ក្រុមគ្រូពេទ្យឯកទេសភ្នែក បានចុះពិនិត្យរកជំងឺសរសៃឈាមបាតភ្នែកសម្រាប់អ្នកជំងឺទឹកនោមផ្អែមជូនដល់អ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកថ្មគោល និងមន្ទីរពេទ្យបង្អែកបវេល នៃខេត្តបាត់ដំបង ដើម្បីរកឱ្យឃើញទាន់ពេលវេលា និងទប់ស្កាត់ផលវិបាករបស់ជំងឺ ដោយឥតគិតប្រាក់ ។ យុទ្ធនាការនេះ បានធ្វើឡើងក្រោមការរៀបចំដោយអង្គការ Heart to Heart Foundation សហការជាមួយក្រុមគ្រូពេទ្យឯកទេសភ្នែក និងដោយមានការគាំទ្រពីមូលនិធិ L’OCCITANE ។

លោកវេជ្ជបណ្ឌិត ស៊ុន សុខហេង ឯកទេសភ្នែកនៅគ្លីនិកថែទាំភ្នែកស៊ុន សុខហៀង បានពន្យល់ថា ជំងឺសរសៃឈាមបាតភ្នែកដោយសារជំងឺទឹកនោមផ្អែមច្រើនតែកើតឡើងចំពោះអ្នកជំងឺ ដែលមានជំងឺទឹកនោមផ្អែម រយៈពេលវែង ការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ កម្រិត HBA1C ខ្ពស់ ឬកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ការពិនិត្យភ្នែកជាប្រចាំគឺមានសារសំខាន់ណាស់សម្រាប់ការតាមដានសុខភាពភ្នែក និងការមើលឃើញ ។ ការរកឃើញទាន់ពេលវេលាអាចឱ្យមានការព្យាបាលទាន់ពេល និងកាត់បន្ថយហានិភ័យនៃការបាត់បង់ការមើលឃើញបានយ៉ាងច្រើន។ ជំងឺភ្នែកជាច្រើនវិវត្តន៍បន្តិចម្តងៗ ដោយគ្មានរោគសញ្ញាគួរឱ្យកត់សម្គាល់ឡើយ ហើយនៅពេលដែលរោគសញ្ញាលេចឡើង ស្ថានភាពជំងឺភាគច្រើននឹងមានភាពស្មុគស្មាញ និងត្រូវការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ។

ប្រធានកម្មវិធីស្តីទីនៃអង្គការ ហាតធូហាត ហ្វោនដេសិន លោក មាស វិចត្រ បានបញ្ជាក់ថា គម្រោងធ្លាប់បានធ្វើការពិនិត្យបាតភ្នែកសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលបានធ្វើឡើងនៅក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២៦នេះ គឺជាលើកទី៣ នៃការពិនិត្យបាតភ្នែកជូនអ្នកជំងឺទឹកនោមផ្អែម ដោយឥតគិតប្រាក់កម្រៃនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការបង្ការ និងការគ្រប់គ្រងផលវិបាកភ្នែកដោយសារជំងឺទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យបង្អែកនៅខេត្តបាត់ដំបង ។

លោក មាស វិចត្រ បានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងរកឱ្យឃើញជំងឺសរសៃឈាមបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម នៅដំណាក់កាលដំបូង ដើម្បីការពារការបាត់បង់ការមើលឃើញ និងកាត់បន្ថយផលប៉ះពាល់របស់វាទៅលើជីវិតប្រចាំថ្ងៃ និងគុណភាពជីវិតរបស់អ្នកជំងឺ ។ ប្រសិនបើត្រូវបានរកឃើញយឺតពេលផលវិបាកភ្នែកដោយសារជំងឺទឹកនោមផ្អែមអាចនាំឱ្យខូចភ្នែកធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស និងការចំណាយអស់ច្រើន ហើយក្នុងករណីខ្លះបណ្តាលឱ្យបាត់បង់ការមើលឃើញទាំងស្រុងតែម្តង ។

លោក ប្រធានកម្មវិធីស្តីទីនៃអង្គការ ហាតធូហាត ហ្វោនដេសិន មាស វិចត្រ បានឱ្យដឹងទៀតថា ការចុះពិនិត្យរកជំងឺសរសៃឈាមបាតភ្នែកសម្រាប់អ្នកជំងឺទឹកនោមផ្អែម ជូនដល់អ្នកជំងឺទាំង៣លើក សរុបចំនួន២៦១នាក់ ត្រូវបានត្រួតពិនិត្យ ដែលក្នុងនោះអ្នកជំងឺ៨២នាក់ ត្រូវបានកំណត់ថាមានបញ្ហាសរសៃឈាមបាតភ្នែក ដែលត្រូវការពិនិត្យព្យាបាលបន្ថែម និងត្រូវបានបញ្ជូនបន្ត ដើម្បីទទួលបានការប្រឹក្សា និងការព្យាបាលត្រឹមត្រូវ ។

លោក បានបញ្ជាក់ថា កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមអំពីសារសំខាន់នៃការពិនិត្យភ្នែកជាប្រចាំ ដែលជួយការពារការបាត់បង់ការមើលឃើញ និងបង្កើនគុណភាពជីវិតរបស់ពួកគេ ។ ជំងឺសរសៃឈាមបាតភ្នែក គឺជាបញ្ហាសរសៃឈាមបាតភ្នែក ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ។ ទោះបីជាវាបង្កហានិភ័យខ្ពស់ក៏ដោយ ប៉ុន្តែវាអាចការពារបាន ឬពន្យាការវិវត្តរបស់វា ប្រសិនបើអ្នកជំងឺគ្រប់គ្រងសុខភាពរបស់ពួកគេបានត្រឹមត្រូវ និងពិនិត្យភ្នែកជាប្រចាំ ។ នេះរួមបញ្ចូលទាំងការរក្សាការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជាតិខ្លាញ់បានល្អ ការធ្វើតាមរបបអាហារដែលមានសុខភាពល្អ គឺកាត់បន្ថយជាតិស្ករ ខ្លាញ់ និងអំបិល ការហាត់ប្រាណជាប្រចាំ ការរក្សាទម្ងន់ឱ្យមានសុខភាពល្អ និងការជៀសវាងការជក់បារី និងការប្រើប្រាស់គ្រឿងស្រវឹង ។

ដោយឡែក ចំពោះអ្នកជំងឺ ដែលបានចូលរួមក្នុងការត្រួតពិនិត្យបាតភ្នែក បានសំដែងនូវការពេញចិត្តក្នុងការស្វែងយល់អំពីស្ថានភាពសុខភាពភ្នែករបស់ពួកគេ ហើយបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ក៏ដូចជាម្ចាស់មូលនិធិ L’OCCITANE ដែលធ្វើឱ្យសកម្មភាពនេះអាចដំណើរការទៅបានរហូតមកដល់ពេលនេះ ៕

ដោយ ៖ ឡាច សុគន្ធាវី