ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ បណ្ដាលមកពីប្រព័ន្ធសម្ពាធទាប កំពុងវាយប្រហារអារ៉ាប់រួមរហូតដល់ចុងសប្តាហ៍នេះ

image

អារ៉ាប់រួម៖ ប្រព័ន្ធសម្ពាធទាប បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅទូទាំងប្រទេសអារ៉ាប់រួម កាលពីថ្ងៃពុធ។ ឥទ្ធិពលនៃអាកាសធាតុមិនល្អនេះ បានធ្វើឱ្យមានជំនន់ទឹកភ្លៀងជន់ជោរនៅតាមប្រឡាយបង្ហូរទឹក និងផ្លូវថ្នល់សំខាន់ៗក្នុងទីក្រុងធំៗ ដូចជា អាប៊ូ ដាប៊ី (Abu Dhabi) និងអាជីមាន (Ajman) ដែលបង្កជាការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

យោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលជាតិឧតុនិយម ឱ្យដឹងថា ស្ថានភាពមេឃអាប់អួរ និងភ្លៀងធ្លាក់ខ្លាំងនេះ នឹងមិនទាន់បញ្ចប់ភ្លាមៗនោះទេ ពោលគឺនឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី ២៨ ខែមីនា។ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ពីតំបន់ប៉ែកខាងលិច រួចរាលដាលដល់តំបន់ឆ្នេរសមុទ្រសំខាន់ៗ រួមទាំងទីក្រុងឌូបៃផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនឹងចាប់ផ្តើមធូរស្រាលវិញនៅថ្ងៃសៅរ៍ខាងមុខ ប៉ុន្តែប្រជាពលរដ្ឋត្រូវបានណែនាំឱ្យត្រៀមខ្លួនសម្រាប់សីតុណ្ហភាពដែលនឹងធ្លាក់ចុះត្រជាក់ជាងមុន និងខ្យល់បក់បោកខ្លាំងនៅតំបន់សមុទ្រ។ គួរបញ្ជាក់ថា នេះគឺជាបាតុភូតអាកាសធាតុអូសបន្លាយដែលអារ៉ាប់រួមបានជួបប្រទះតាំងពីសប្តាហ៍មុនមកម្ល៉េះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.