នាយករដ្ឋមន្ត្រីវៀតណាម សរសើររុស្ស៊ីថាក្លាយជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេមួយក្នុងលោក ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ
វៀតណាម-រុស្ស៊ី៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន នៅវិមានក្រឹមឡាំង កាលពីថ្ងៃពុធ ដោយនៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំវៀតណាម លើកសរសើរថា ប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់លោក ពុទីន បានក្លាយជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេមួយនៅលើពិភពលោក ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ។
លោកនាយករដ្ឋមន្ត្រីវៀតណាម សង្កត់ធ្ងន់ថា រុស្ស៊ីបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង ដោយចេញពីស្ថានភាពវឹកវរ និងសេដ្ឋកិច្ចដុនដាបក្នុងឆ្នាំ ១៩៩០ មកជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុតមួយក្នុងចំណោមប្រទេសឈានមុខទាំង ៤ លើពិភពលោក។ លោកវាយតម្លៃថា រុស្ស៊ីបច្ចុប្បន្នមានកម្លាំងសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្លាំង ដែលជាការផ្លាស់ប្តូរដ៏អស្ចារ្យមិនធ្លាប់មាន ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច មេដឹកនាំវៀតណាមរូបនេះ បានបញ្ជាក់ពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការគាំទ្រដ៏ស្មោះត្រង់របស់រុស្ស៊ីតាំងពីអតីតកាល។ លោកបានរំឭកពីគុណបំណាច់របស់រុស្ស៊ីដែលបានជួយវៀតណាមក្នុងសង្គ្រាមប្រឆាំងនឹងអាមេរិក និងបានបន្តគាំទ្រដល់ការកសាង និងអភិវឌ្ឍប្រទេសវៀតណាមរហូតមកដល់បច្ចុប្បន្ន ។
ជាការឆ្លើយតបនឹងមនោសញ្ចេតនាដ៏កក់ក្តៅនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានថ្លែងអំណរគុណដល់លោក ផាម មិញជិញ ហើយបានសន្យាថានឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខ ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររាងប្រទេសទាំងពីរ ។
ក្រៅពីជំនួបជាមួយលោក ពុទីន នាយករដ្ឋមន្ត្រីវៀតណាមក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់រុស្ស៊ី រួមមាននាយករដ្ឋមន្ត្រី ប្រធានសភា និងលេខាធិការក្រុមប្រឹក្សាសន្តិសុខ។ ការណ៍នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សា និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមិត្តចាស់រុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ VOV