ពលរដ្ឋជប៉ុន ចេញតវ៉ានៅកណ្តាលទីក្រុងតូក្យូ ព្រោះមិនពេញចិត្តទំនាក់ទំនងយោធាជិតស្និទ្ធខ្លាំងរវាងជប៉ុន និងសហរដ្ឋអាមេរិក
ជប៉ុន៖ ក្រុមអ្នកតវ៉ាប្រឆាំងសង្រ្គាមមួយក្រុមធំ បានជួបជុំគ្នានៅកណ្តាលទីក្រុងតូក្យូ ដើម្បីសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី សាណាអិ តាកាអ៉ិឈិ (Sanae Takaichi)។ មូលហេតុចម្បងនៃការតវ៉ានេះ គឺមកពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដាក់ពង្រាយមីស៊ីល, ការបង្កើនការនាំចេញអាវុធ និងការរក្សាទំនាក់ទំនងយោធាជិតស្និទ្ធខ្លាំងពេកជាមួយសហរដ្ឋអាមេរិក ចំពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់ ។
ចំណុចរសើបបំផុតដែលអ្នកតវ៉ាលើកឡើង គឺកាយវិការការទូតរបស់នាយករដ្ឋមន្ត្រី Takaichi ចំពោះប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រុមអ្នកតវ៉ាបានប្រើពាក្យធ្ងន់ៗដើម្បីរិះគន់ដល់ការបង្ហាញភាពជិតស្និទ្ធខុសធម្មតា ដូចជាការឱប និងការចាប់ដៃលោក ត្រាំ ដែលពួកគេចាត់ទុកថាជាការបន្ទាបខ្លួន និងជាការលើកជើងមេដឹកនាំអាមេរិក ដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដោយមិនគិតពីកិត្តិយសជាតិ ។
ក្រៅតែពីបញ្ហាការទូត ពលរដ្ឋជប៉ុនបានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខសេដ្ឋកិច្ច ជាពិសេសគឺវិបត្តិខ្វះខាតប្រេងឥន្ធនៈ។ ពួកគេបានរិះគន់រដ្ឋាភិបាលថា មិនបានត្រៀមលក្ខណៈឱ្យបានល្អ ឬពន្យល់ការពិតដល់សាធារណជនអំពីផលប៉ះពាល់នៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋជប៉ុន ។
ជារួម ការតវ៉ានេះ ឆ្លុះបញ្ចាំងពីការបែកបាក់មតិនៅក្នុងសង្គមជប៉ុន ជុំវិញការចូលរួមក្នុងជម្លោះអន្តរជាតិ។ ក្រុមអ្នកតវ៉ា យល់ឃើញថា សង្រ្គាមរវាងអាមេរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ គឺជាសង្រ្គាមដែលអាមេរិកជាអ្នកបង្កឡើងតែម្ខាង ហើយជប៉ុនមិនគួរយកខ្លួនទៅបម្រើគោលនយោបាយនេះ រហូតដល់ថ្នាក់បោះបង់ចោលសុខុមាលភាព និងសន្តិភាពរបស់ប្រជាជនខ្លួនឯងនោះឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY