របាយការណ៍ CNA សិង្ហបុរី៖ ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យសម្ភារពេទ្យដែលធ្វើពីផ្លាស្ទិកចាប់ផ្តើមឡើងថ្លៃ
សិង្ហបុរី៖ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសជម្លោះនៅប្រទេសអ៊ីរ៉ង់ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកល តាមរយៈការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ។ ការណ៍នេះបានធ្វើឱ្យ Naphtha (សារធាតុរាវចម្រាញ់ពីប្រេងឆៅ) ដែលជាវត្ថុធាតុដើមសម្រាប់ផលិតផ្លាស្ទិកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ និងការវេចខ្ចប់អាហារ ប្រឈមនឹងភាពមិនច្បាស់លាស់ និងការកើនឡើងនៃថ្លៃដើមយ៉ាងគំហុក ។
ការរំខានដល់ចរាចរណ៍នាវាដឹកប្រេងតាមច្រកសមុទ្រ ហ័រមូស (Hormuz) បានក្លាយជាឧបសគ្គដ៏ធំសម្រាប់រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសសិង្ហបុរី ដែលពឹងផ្អែកខ្លាំងលើប្រភពប្រេងពីតំបន់នោះ។ អ្នកជំនាញព្រមានថា បញ្ហានេះបង្កជាការគំរាមកំហែងខ្លាំងដល់វិស័យផលិតកម្ម រួមមានការកើនឡើងនូវថ្លៃថាមពល កើនថ្លៃដឹកជញ្ជូន និងកើនថ្លៃវត្ថុធាតុដើម ដែលអាចរុញច្រានតម្លៃផលិតផលសម្រេចឱ្យកើនឡើងរហូតដល់ ៥០% ។
ក្នុងវិស័យសុខាភិបាល ទោះបីជាអាជ្ញាធរសិង្ហបុរី អះអាងថា មិនទាន់មានការខ្វះខាតបរិក្ខារពេទ្យភ្លាមៗក៏ដោយ ប៉ុន្តែក្រុមហ៊ុនចែកចាយក្នុងស្រុកសង្កេតឃើញថា អ្នកផលិតចាប់ផ្តើមដំឡើងថ្លៃរួចទៅហើយ។ ការណ៍នេះ បានជំរុញឱ្យមានការសម្រុកទិញទំនិញដូចជា សឺរាំង និងបំពង់បូមវេជ្ជសាស្ត្រ យកទៅស្តុកទុកបំរុង ដើម្បីការពារហានិភ័យនៃកង្វះខាតទំនិញ និងការឡើងថ្លៃបន្ថែមទៀតនាពេលអនាគត ។
ក្រៅពីវិស័យផ្លាស្ទិក វិបត្តិប្រេងឆៅក៏អាចប៉ះពាល់ដល់សន្តិសុខស្បៀងផងដែរ ដោយសារតែផលិតផលចម្រាញ់ពីប្រេងត្រូវបានប្រើប្រាស់ដើម្បីផលិតជីកសិកម្ម។ អ្នកជំនាញបានរំឭកពីមេរៀនសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ហើយបានព្រមានថា វិបត្តិនៅមជ្ឈិមបូព៌ាអាចនឹងមានឥទ្ធិពលធ្ងន់ធ្ងរជាងនេះ ព្រោះតែតំបន់នេះជាប្រភពនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក ។
ជាការឆ្លើយតប វិស័យឧស្សាហកម្មកំពុងប្តូរទម្លាប់ពីការទិញទំនិញតាមតម្រូវការចំពោះមុខ ទៅជាការកសាងស្តុកទុកបំរុងសម្រាប់ករណីអាសន្ន និងស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗក្នុងតំបន់។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនជាច្រើនក៏កំពុងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈដែលមានតម្លៃមិនស្ថិតស្ថេរ និងធានាបាននូវនិរន្តរភាពនៃច្រវាក់ផលិតកម្មរបស់ខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ iStock/ CNA graphics/ CNN