លោក អ៊ុំ រាត្រី បញ្ជាក់ប្រាប់ជនភៀសសឹក ថា ការរៀបចំដី និងផ្ទះ គឺសម្រាប់ស្នាក់បណ្តោះអាសន្នតែប៉ុណ្ណោះ មិនមែនជាការដោះដូរដីដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ
បន្ទាយមានជ័យ៖ ថ្លែងទៅកាន់ពលរដ្ឋភៀសសឹក ក្នុងពេលចាប់ឆ្នោតរេីសក្បាលដី និងផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន័យ បានបញ្ជាក់ជូនបងប្អូនភៀសសឹកថា ការរៀបចំដី និងផ្ទះជូននេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដី ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ នោះនឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
លោក អ៊ុំ រាត្រី ក៏បានបន្តថា “បងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូន និងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារ បាននឹងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន។”
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការចាប់ផ្តេីមនេះ ជាជំហានទី២ មាន ភូមិផ្លូវបំបែក ៣៨៦គ្រួសារ និងភូមិត្រពាំងសំរោង ៤០២គ្រួសារ នៅឃុំគោករមៀត ។
សូមបញ្ជាក់ថា ជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិ ក្នុងមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ៕