ជប៉ុន សម្រេចចិត្តជាផ្លូវការក្នុងការបញ្ចេញប្រេងពីឃ្លាំងបម្រុង ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងកើតមាន
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តជាផ្លូវការក្នុងការបញ្ចេញប្រេងចេញពីឃ្លាំងបម្រុងយុទ្ធសាស្ត្រជាតិរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងកើតមាន។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធនៃតម្លៃប្រេងដែលកំពុងកើនឡើងខ្លាំង និងធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់ដល់ក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងរងឥទ្ធិពលពីសង្រ្គាមនៅមជ្ឈិមបូព៌ា ។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បញ្ជាក់ថា ការផ្ទេរប្រេងពីពាក់កណ្តាលនៃស្ថានីយបម្រុង ទៅឱ្យក្រុមហ៊ុនចម្រាញ់ប្រេងចំនួន ៤ បានចាប់ផ្ដើមតាមការគ្រោងទុក។ ក្នុងនោះ មន្ត្រីម្នាក់នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ការបញ្ចេញប្រេងពីឃ្លាំងបម្រុងជាតិ បានចាប់ផ្ដើមនៅម៉ោង ១០:៥៩ ព្រឹក ទៅឱ្យក្រុមហ៊ុនចម្រាញ់ប្រេង» ។
មូលហេតុចម្បងនៃវិបត្តិថាមពលនេះ គឺបណ្ដាលមកពីការបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដោយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល។ ច្រកសមុទ្រនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលដឹកជញ្ជូនប្រេង និងឧស្ម័នមួយភាគប្រាំនៃពិភពលោក ហើយការបិទផ្លូវទឹកនេះ បានធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកលត្រូវរាំងស្ទះ ។
ជប៉ុនគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយសារតែខ្លួនត្រូវនាំចូលប្រេងរហូតដល់ទៅ ៩០% ពីតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្ន មាននាវាពាក់ព័ន្ធនឹងជប៉ុនជិត ៥០ គ្រឿង រួមទាំងនាវិកផងដែរ កំពុងជាប់គាំងមិនអាចធ្វើដំណើរចេញពីឈូងសមុទ្រពែក្សបាន ដែលបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់សមាគមម្ចាស់នាវា និងវិស័យឧស្សាហកម្មទាំងមូលនៅក្នុងប្រទេស ។
ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននេះ ទីក្រុងតូក្យូបានដាក់ចេញនូវផែនការបញ្ចេញប្រេងបម្រុងទាំងផ្នែករដ្ឋ និងឯកជនក្នុងបរិមាណដ៏ច្រើន។ ក្នុងនោះ ប្រេងបម្រុងរបស់រដ្ឋសម្រាប់ប្រើប្រាស់រយៈពេលមួយខែ និងប្រេងបម្រុងវិស័យឯកជនសម្រាប់រយៈពេល ១៥ ថ្ងៃ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់ក្នុងគ្រាដ៏លំបាកនេះ ។
ទន្ទឹមនឹងវិធានការក្នុងស្រុក នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ក៏បានស្វែងរកកិច្ចសហការពីអន្តរជាតិផងដែរ។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យបញ្ចេញប្រេងបម្រុងបន្ថែមទៀត ប្រសិនបើសង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពលសកលយូរអង្វែង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP | រូបភាព៖ Reuters/ AFP/ Asahi Shimbun file photo