អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លារ សាកល្បងលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាស នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ អ្នកវិនិយោគិននៃប្រទេសចិនគ្រោងបោះទុនជំហ៊ានទី១ ចំនួន៥លានដុល្លារ ដើម្បីវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ដែលចេញពីរោងចក្រ និងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការលើកឡើងរបស់ លោក Lee តំណាងឱ្យអ្នកវិនិយោគិនជនជាតិចិនក្នុងឱកាសជួបសម្តែងការគួរសមជាមួយ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
លោក Lee បាននិយាយថា ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍ ដែលអំណោយផលដល់ការងារវិនិយោគក្រុមហ៊ុនរបស់លោក។ដោយភាពអំណោយផលនេះ ក្រុមហ៊ុនរបស់លោកកំពុងត្រៀមលក្ខណៈក្នុងការពង្រីកប្រតិបត្តិការប្រមូលកាកសំណល់ផ្សេងៗពីតាមបណ្តារោងចក្រ សហគ្រាស និងកសិដ្ឋានយកមកកែច្នៃផលិតជាជីកសិកម្ម ក្នុងនោះកាកសំណល់ដែលចេញពីរោងចក្រកែច្នៃផ្លែឈើ អំពៅ និងលាមកសត្វចេញពីកសិដ្ឋាន។
លោកបន្ថែមថា គោលបំណងចម្បងនៃគម្រោងនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការលុបបំបាត់បញ្ហាក្លិនស្អុយដែលបង្កឡើងដោយកាកសំណល់គរទុក ដែលជាបញ្ហាប្រឈមក្នុងតំបន់មួយចំនួន។ ម្យ៉ាងវិញទៀត រោងចក្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំប្លែងវត្ថុធាតុដើមដែលជាសំណល់ ឱ្យក្លាយទៅជាផលិតផលដែលមានតម្លៃសម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងស្រុក។ លើសពីនេះ ក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញការនាំចេញផលិតផលជីដែលផលិតបានក្នុងខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងតំបន់អាស៊ី ដែលនឹងជួយនាំចំណូលត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ។ក្នុងករណីដំណើរជំហ៊ានទី១ទទួលបានជោគជ័យ ក្រុមហ៊ុននិងពង្រីកទុនវិនិយោគរហូតដល់ ៥០លានដុល្លារ បន្ថែមទៀតជាជំហ៊ានទី២។
នៅក្នុងជំនួបនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគិនចិនដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់។ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសជាង ១៦០០កន្លែង និងមានកម្មករ កម្មការិនីប្រមាណជាង៣០ម៉ឺននាក់បម្រើការងារ។ ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដំណាំស្វាយជិត ៥ម៉ឺនហិកតា ដែលជាខេត្តឈានមុខគេមួយក្នុងការដាំដុះស្វាយនៅកម្ពុជា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានជិត ៤ម៉ឺនហិកតា ស្មើនឹងជិត៩លានដើម ដោយភាគច្រើនជាប្រភេទស្វាយកែវរមៀត សម្រាប់នាំចេញ។ចំពោះផ្ទៃដីដាំអំពៅសរុបប្រមាណជាង ២ម៉ឺនហិកតា ដែលវិនិយោគដោយក្រុមហ៊ុនកសិ-ឧស្សាហកម្មជាច្រើន។ ផ្ទៃដីទាំងនេះភាគច្រើនស្ថិតនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ដែលជាកន្លែងមានគម្រោងវិនិយោគចំការអំពៅ និងរោងចក្រស្ករអំពៅខ្នាតធំ។រីឯកសិដ្ឋានចិញ្ចឹមសត្វមានជាង ៥០០កន្លែង និងសហគមន៍ចិញ្ចឹមសត្វចំនួន ៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ស្ថិតិផ្ទៃដីនៃការដាំដុះ និងការចិញ្ចឹមនេះ អាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រង និងកែច្នៃកាកសំណល់របស់ក្រុមហ៊ុនឱ្យដំណើរការបានដោយរលូន ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមសម្របសម្រួលនីតិវិធីលើការងារដែលក្រុមហ៊ុនមានការរាំងស្ទះ៕
អត្ថបទ៖ ប៊ុត សារុន