មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ប្រើពេល៤៥ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកុមារីអាយុ១២ឆ្នាំម្នាក់ ដែលមានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរបំផុត ដោយជោគជ័យ
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជួយសង្គ្រោះជីវិតកុមារីអាយុ១២ឆ្នាំម្នាក់ មកពីខេត្តកំពង់ស្ពឺ ដោយជោគជ័យ ដែលមានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរបំផុត ក្រោយមុតជើងនឹងបន្លា។
យោងតាមបណ្តាញសង្គម Dr. Beat Richner បានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា ក្មេងស្រីអាយុ ១២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ មានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរបំផុត ក្រោយមុតជើងនឹងបន្លា មិនបានលាងសម្អាតនិងចាក់ថ្នាំការពារតេតាណុស កុមារី ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
ប្រភពដដែលបន្តថា ក្រោយការព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើមនិងថ្នាំសន្តំរំលារសាច់ដុំកន្ត្រាក់ (anesthésie cocktail) និងព្យាបាលរោគរលាកសួតចំនួន៤៥ថ្ងៃ នៅសង្គ្រោះបន្ទាន់ ថ្ងៃនេះមានជីវិតថ្មី បានវិលត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម។
ថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ ហើយរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕
អត្ថបទ៖ សន ពិសិដ្ឋ