ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី៖ ក្រសួងមហាផ្ទៃ កំពុងគិតគូរ បង្កើនចំនួនស្ត្រី ជាអភិបាលរង យ៉ាងតិច២រូប ក្នុងគណៈអភិបាលរាជធានី-ខេត្ត

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងក្នុងពិធីបិទ “សន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦»

នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នៅក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ កំពុងគិតគូរពាក់ព័ន្ធនឹងការបង្កើនចំនួនស្ត្រី ជាអភិបាលរង យ៉ាងតិច ២រូប ក្នុងគណៈអភិបាលរាជធានី-ខេត្ត។

លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍បង្ហាញពីសមិទ្ធផល ដ៏គួរឱ្យកត់សម្គាល់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងមន្ទីរកិច្ចការនារី និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក៏ដូចជាការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា រហូតត្រូវបានទទួលស្គាល់ ទាំងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

សមិទ្ធផលដែលសម្រេចបាន បានធ្វើឱ្យមានផលជះវិជ្ជមាន ដល់ការរៀបចំ និងអនុវត្តគោលនយោបាយ កម្មវិធីជាតិ និងតាមវិស័យ ឆ្លើយតបនឹងយេនឌ័រ ព្រមទាំងបានចូល រួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពស្ត្រីនិងក្មេងស្រី គ្រួសារទាំងមូល និងការចូលរួមរបស់ស្ត្រី ទាំងនៅក្នុងវិស័យសាធារណៈ សេដ្ឋកិច្ច និងអភិបាលកិច្ច។

លោកស្រីកិត្តបណ្ឌិត មានប្រសាសន៍ថា មុខងារស្នូល និងទិសដៅអាទិភាពរបស់ក្រសួង គឺការបន្តលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គម, ការលើកកម្ពស់សិទ្ធិ និងគុណតម្លៃស្ត្រីនិងក្មេងស្រី និងការពង្រឹងភាពជាពលរដ្ឋនិងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី ដើម្បីឱ្យក្លាយទៅជាមូលធនមនុស្សនៅក្នុងសង្គម និងទាក់ទាញភាគលាភយេនឌ័រ ជូនសេដ្ឋកិច្ចជាតិ។ បេសកកម្មនេះ ដើរតួនាទី និងរួមចំណែកឆ្លើយតបនឹងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល (យុទ្ធសាស្ត្របញ្ចកោណ) និងការវិវត្តថ្មីៗរបស់សង្គម រួមទាំងគោលការណ៍នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី និងសេចក្តីថ្លែងការណ៍នានារបស់អង្គការសហប្រជាជាតិ។

គួររំលឹកថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព, លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានមានប្រសាសន៍ថា អត្រាមន្ត្រីរាជការជាស្ត្រីមាន៤២% គិតត្រឹមឆ្នាំ២០២៥។ ចំណុចកត់សម្គាល់ គឺការកើនឡើងមន្ត្រីរាជការជាស្ត្រី ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យសង្គមកិច្ច ខណៈពេលដែលវិស័យបច្ចេកទេសមានមន្ត្រី រាជការស៊ីវិលជាស្ត្រីនៅមានចំនួនតិចតួច។ ចំពោះអត្រាស្ត្រីមានមុខតំណែងក្នុងរចនាសម្ព័ន្ធ ចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើមានចំនួន ២៨% គិតត្រឹមឆ្នាំ ២០២៥ (កើន ១% ធៀបនឹងឆ្នាំ២០២៤)។ 

ចំពោះការជ្រើសរើសមន្ត្រីឱ្យចូលក្នុងក្របខណ្ឌឆ្នាំ២០២៥ មាន១០ ក្រសួង ស្ថាប័ន មានចំនួនសរុបជាង៧៧០០នាក់ ជាងស្រី ៤៤០០ នាក់ (ស្មើ ៥៧,៧២%)។ ឆ្នាំ២០២៥ មន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលបានចូលនិវត្តន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៦៧២ នាក់ នៃមន្ត្រីរាជការចូលនិវត្តន៍សរុបទូទាំងប្រទេសជាង២២០០នាក់៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ