ប្រមុខការទូតកម្ពុជា ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវិទ្យាល័យហ៊ុន សែន ប្រមោយ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះសាកសួរសុខទុក្ខពលរដ្ឋភៀសសឹក ស្ថិតសាលាវិទ្យាល័យហ៊ុន សែន ប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦។
បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន ១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅមើលស្ថានភាពរស់នៅជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង។ ប្រជាពលរដ្ឋទាំងនោះ បានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បន្ទាប់មកទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតំបន់ថ្មដា ត្រង់កន្លែងដែលយោធាថៃដាក់ទូកុងតឺន័រ និងរាយបន្លាលួសឈ្លានពានអធិបតេយ្យភាពកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា អង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
បច្ចុប្បន្ន តំបន់ថ្មដា ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ និងបន្លាលួសកាន់កាប់ក្រោយពីមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕