ព័ត៌មានអន្តរជាតិ

ជំនួយការប្រធានាធិបតីរុស្ស៊ី៖ អឺរ៉ុប និងអង់គ្លេស នឹងមកអង្វរសុំទិញថាមពលពីរុស្ស៊ី នៅពេលជួបវិបត្តិធ្ងន់ធ្ងរ

image

រុស្ស៊ី៖ មន្ត្រីរុស្ស៊ីម្នាក់បានព្រមានថា ប្រទេសលោកខាងលិចនឹងជួបវិបត្តិថាមពលកាន់តែអាក្រក់ ខណៈដែលតម្លៃប្រេងអាចហក់ឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក ឃីរីល ឌីមីទ្រីវ (Kirill Dmitriev) បានថ្លែងថា ការព្យាករណ៍មុនរបស់លោកថាប្រេងនឹងឡើងថ្លៃលើស ១០០ ដុល្លារ បានក្លាយជាការិតរួចទៅហើយ ហើយឥឡូវនេះពិភពលោកកំពុងដើរទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។

លោកបានរិះគន់ថា អឺរ៉ុប និងអង់គ្លេសបាន «បាញ់បំបាក់ជើងខ្លួនឯង» តាមរយៈការសម្រេចចិត្តបោះបង់ថាមពលរុស្ស៊ីតាមការបង្គាប់របស់អាម៉េរិក។ លោកបន្ថែមថា នៅពេលដែលស្ថានីយសាំងលែងមានសាំងលក់ ហើយមនុស្សបាត់បង់ការងារធ្វើ ប្រជាជនអឺរ៉ុបនឹងយល់ថា នេះគឺជាលទ្ធផលនៃយុទ្ធសាស្ត្រខុសឆ្គងរបស់មេដឹកនាំពួកគេ។ លោកជឿជាក់ថា នៅទីបំផុត អឺរ៉ុបនឹងត្រូវបង្ខំចិត្តអង្វរសុំទិញថាមពលពីរុស្ស៊ីវិញ ហើយរុស្ស៊ីនឹងមានសិទ្ធិសម្រេចថានឹងលក់ឱ្យ ឬក៏អត់ ។

ក្រៅពីរឿងថាមពល លោក ឌីមីទ្រីវ (Dmitriev) ក៏បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាម៉េរិកផងដែរ ដោយលោក និយាយថា ក្រុមហ៊ុនអាម៉េរិកជាច្រើនបានខាតបង់ប្រាក់ចំណេញជាង ៣០០ ពាន់លានដុល្លារ ក្រោយចាកចេញពីទីផ្សាររុស្ស៊ី ហើយឥឡូវនេះពួកគេកំពុងរកផ្លូវត្រឡប់មកវិញ ។

បន្ថែមពីនេះ លោកក៏បានបង្ហើបពីការចរចាសន្តិភាពនៅអ៊ុយក្រែន ដោយលើកឡើងពីសម្តីលោក ហ្សេលែនស្គី ថា អាមេរិកនឹងផ្តល់ការធានាសន្តិសុខឱ្យអ៊ុយក្រែន លុះត្រាតែកងទ័ពអ៊ុយក្រែនដកចេញពីតំបន់ ដុនបាស់ (Donbass) ទាំងស្រុង ។

លោកបានបញ្ជាក់ជាចុងក្រោយថា រុស្ស៊ីកំពុងស្ថិតក្នុងស្ថានភាពមួយដែលទទួលបានផលចំណេញយ៉ាងខ្លាំង ព្រោះមិនត្រឹមតែមានប្រេង និងឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែរុស្ស៊ីក៏ជាអ្នកផលិតជីកសិកម្មដ៏ធំថែមទៀតផង។ លោកថា ខណៈដែលអឺរ៉ុបជួបវិបត្តិ រុស្ស៊ីកាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារសកល ជាពិសេសជាមួយក្រុមប្រទេសប្រ៊ីក (BRICS) ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ ( REUTERS/Maxim Shemetov)/ (Amit Dave/Reuters)/ (Natalia Kolesnikova/AFP/Getty Images)