ព័ត៌មានជាតិ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើពិធីសំពះគ្រូ របស់ក្រុមការងារទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត»

image

ភ្នំពេញ៖ ពិធីសំពះគ្រូ របស់ក្រុមការងារទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» បានប្រព្រឹត្តទៅនៅសាល
មហោស្រពភិមានអាកាស នៅសាលាមធ្យម វិចិត្រសិល្បៈ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ឺ វីរៈ សមាជិកគណៈអចិន្រ្តៃយ៍ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៍ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៍ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា ព្រមទាំងជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធាចារ្យសិល្បៈ ក្រុមការងារ ស.ស.យ.ក. សិល្បករសិល្បការិនី សិស្សនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ សរុបប្រមាណជាង ២០០នាក់។

ពិធីសំពះគ្រូ គឺជាកិច្ចបែបសាសនា ជំនឿបុរាណខ្មែរមួយ ដែលអ្នកសិល្បៈតែងគោរពប្រតិបត្តយូរលង់មកហើយ ដោយរាល់ពេលដែលមានការសម្តែងធំៗ គេតែងតែធ្វើការរំលឹកនឹកគុណដល់គ្រូបាធ្យាយ ដែលជាអ្នកបង្កើតស្នាដៃ ក៏ដូចជាអ្នកបីបាច់ថែរក្សា ឧបករណ៍ភ្លេង គ្រឿងសម្តែងទាំងឡាយ សូមលោកយាងមកប្រោសព្រុំពរជ័យ ដល់ការសម្តែងឱ្យប្រ ព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងការសាទរពីទស្សនិក ជនគ្រប់ទិសទី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈ ពេល៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់ ដែលមកពីមជ្ឈដ្ឋានចម្រុះរួមមាន៖ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ នងិវិចិត្រសិល្បៈរាជធានីភ្នំពេញ សាកលវិទ្យាបល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងសមាគមសិល្បៈនានា ដូចជា សមាគមសិល្បករខ្មែរ សាលាសិល្បៈនរោត្តមបុប្ផាទេវី សមាគមសុវណ្ណភូមិ ក្រុមល្ខោនខោលវត្តស្វាយអណ្តែត ក្រុមល្ខោនពោលស្រី វត្តកៀន ស្វាយក្រៅ សមាគមចាប៉ីអមតៈ ក្រុមល្ខោនបាសាក់ ភី សុគន្ធី ព្រមទាំងសិល្បៈករឯករាជ្យជាច្រើនផ្សេងទៀត។ នេះជាការរួមបញ្ចូលគ្នាដ៏ធំមួយ នៃសិល្បករទូទាំងប្រទេស ដែលបានរួមគ្នាបង្កើតផ្ទាំងទស្សនីយភាពដ៏សំបូរបែបជាច្រើនទម្រង់ ជូនបងប្អូនទស្សនាក្នុងឱ កាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

អត្ថបទ៖ វង សុភ័ក្ត្រ