សហជីពថា អតីតពលករដែលទទួលបានការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ គ្មានបំណងត្រឡប់ទៅថៃដូចការលើកឡើងរបស់សង់ត្រាល់ទេ
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជា បានលើកឡើងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប គ្មានគោលបំណងវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតនោះទេ ដោយសារការងារក្នុងស្រុកមានសម្បូរបែប និងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅប្រទេសថៃ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ ដោយសារអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីការងារក្នុងស្រុកមានច្រើនជាងធ្វើការងារនៅប្រទេសថៃ។
លោកបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ ក្រុមហ៊ុន និងវិស័យសេវាកម្មកើនឡើង ដែលបង្កើតការងារច្រើនសម្រាប់ពលរដ្ឋ។ ការងារក្នុងស្រុកផ្តល់ប្រាក់ខែមានស្ថេរភាព មានធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយពួកគាត់អាចចៀសវាងហានិភ័យដូចជា ការបោកប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសពួកគាត់អាចរស់នៅជាមួយគ្រួសារ មិនបែកបាក់ និងអាចថែទាំកូនចៅបានល្អជាង។
ថ្នាក់ដឹកនាំសហជីពរូបនេះ បញ្ជាក់ថា «ទន្ទឹមលើការទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្ត ការបង្កើតវិធានការ និងកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីបង្កើនឱកាសការងារ កិច្ចគាំពារសង្គម និងការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺធ្វើយ៉ាងណាបង្កើតការងារ ពង្រឹងសមត្ថភាពពលរដ្ឋ និងពង្រីកការផលិតក្នុងការធានាស្ថេរភាពសេដ្ឋកិច្ចជាតិ»។
ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា លោកបានសួរនាំពីគោលបំណងរបស់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាច្រើននាក់ដែរ ប៉ុន្ដែពួកគាត់ឆ្លើយដូចៗគ្នាថា គ្មានបំណងត្រឡប់ទៅវិញទេ បើទោះបីជាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីមានប្រក្រតីភាពឡើងវិញក៏ដោយ។
លោកបន្តថា ពួកគាត់ធ្លាប់ប្រឈមនឹងបញ្ហាជាច្រើនដូចជា ការបោកប្រាស់ ការងារមិនស្របច្បាប់ រីឯពលករខ្លះមិនមានឯកសារត្រឹមត្រូវ អាចមានបញ្ហាជាមួយអាជ្ញាធរ ឬត្រូវផាកពិន័យ និងការចាប់ខ្លួនជាដើម។ ករណីខ្លះមានការងារលំបាក ម៉ោងធ្វើការងារច្រើន ប្រាក់ខែមិនសមស្រប ឬមិនទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រួសារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសតិអារម្មណ៍ក្នុងគ្រួសារផងដែរ។
លើសពីនេះ លោកថា «ខ្ញុំបានឃើញរបាយការណ៍របស់សង់ត្រាល់ដែរ ប៉ុន្ដែវាមិនឆ្លុះបញ្ចាំងពីការពិតនោះទេ ព្រោះខ្ញុំក៏បានស្ទង់មតិ ឬក៏សួរនាំកម្មករដែលជាអតីតពលករដែរ គឺពួកគាត់ប្រាប់ខ្ញុំថា ពួកគាត់នឹងមិនទៅធ្វើការងារនៅស្រុកថៃទៀតទេ ព្រោះការងារនៅស្រុកយើងក៏សម្បូរបែបដែរ ហើយគ្មានបារម្ភពីសុវត្ថិភាពអ្វីទេ ធ្វើការងារនៅស្រុកយើង ជួយអភិវឌ្ឍន៍ស្រុកទេសយើងដែរ»។
លោក រ៉ាវី បានអំពាវនាវដល់អតីតពលករខ្មែរកុំវិលត្រឡប់ទៅប្រទេសថៃវិញ ហើយស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរង់ចាំផ្ដល់ឱកាសការងារគ្រប់ពេលវេលា ព្រមទាំងមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង ១២៩៧ ដើម្បីទទួលបានឱកាសការងារសមរម្យ៕