ថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា រៀបចំពិធីស្វាគមន៍ និងសំណេះសំណាល ជាមួយសមាជិកថ្មី ចំនួន ៥៨ក្រុមហ៊ុន
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីស្វាគមន៍ និងសំណេះសំណាល ជាមួយសមាជិក សមាជិកាថ្មីចំនួន ៥៨ក្រុមហ៊ុន របស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានរបស់ពាណិជ្ជករ អាជីវករ និងសមាជិក សមាជិការបស់សភាពាណិជ្ជកម្មកម្ពុជា នៅសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ និងប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក-សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ រវាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ជាមួយនិងសមាជិក-សមាជិកាថ្មី និងក្នុងន័យបង្កើនទំនាក់ទំនង ឈានទៅរកការធ្វើអាជីវកម្មជាមួយគ្នា នាពេលអនាគត។
ថ្លែងក្នុងឱកាសនៃពិធីនេះ ឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិក-សមាជិកាថ្មី លើកឡើងអំពីប្រវត្តិ នៃការបង្កើតឡើងសភាពាណិជ្ជកម្ម តួនាទី និងអត្ថប្រយោជន៍ ក្នុងការចូលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលសភាពាណិជ្ជកម្មកម្ពុជា មានតួនាទីស្នូល និងមានសារៈសំខាន់ ក្នុងការជួយដល់សមាជិកទាំងអស់ ក្នុងនាមជាស្ថាប័នតំណាងឲ្យវិស័យឯកជននៅកម្ពុជា។
ឧកញ៉ាអគ្គនាយក បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជួយអភិវឌ្ឍន៍ដល់វិស័យឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។
លើសពីនេះទៅទៀត សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ ជូនវិស័យឯកជន លើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។
ឧកញ៉ាអគ្គនាយក បានស្នើឲ្យសមាជិក-សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានា របស់សភាពាណិជ្ជកម្មកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា សំដៅរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងជំរុញការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសស្របច្បាប់ធុនតូច មធ្យម និងធុនធំ គ្រប់វិស័យទាំងអស់ នៅទូទាំងប្រទេស អាចចូលជាសមាជិក របស់សភាពាណិជ្ជកម្មកម្ពុជាបាន។ សភាពាណិជ្ជកម្ម បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលអាជីវកម្ម ក្នុងវិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធិភាព និងបង្ករលក្ខណៈធុរកិច្ច ឲ្យកាន់តែល្អប្រសើរឡើង៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់