ព័ត៌មានជាតិ

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន បង្ហាញការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រាប់ឱ្យម្ចាស់អាជីវកម្មបរទេស មកស្វែងរកឱកាសវិនិយោគ ខណៈកម្ពុជាចាត់ទុកជាឡូជីស្ទិក និងដឹកជញ្ជូន ជាវិស័យអាទិភាព

image

សៀងហៃ៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមចំនួន២២រូប ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៥ (5th Global International Logistics and Supply Chain Expo) និងការធ្វើទស្សនកិច្ចកំពង់ផែសៀងហៃ ប្រទេសចិន តបតាមការអញ្ជើញរបស់សម្ព័ន្ធ AiLA ឡូជីស្ទីក។

លោកត្រូវបានអញ្ជើញជាគណអធិបតី និងឡើងថ្លែងសន្ទករថា ក្នុងការបើកសម្ពោធជាផ្លូវការតាំងពិព័រណ៍ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តារប្រទេសផ្សេងទៀតជាច្រើន។

លោកប្រធានសមាគម បានថ្លែងជម្រាបភាគីចិន និងបណ្តាប្រទេសផ្សេងទៀត អំពីសារៈសំខាន់នៃវិស័យឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិនមានសមាគមសម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើន ដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នាដើម្បីជំរុញសេវាកម្មឱ្យគ្នាទៅវិញមក ដោយចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់គឺសសៃឈាមនៃសេដ្ឋកិច្ចសកល។

លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឡូជីស្ទិក និងដឹកជញ្ជូនជាវិស័យដែលអាទិភាព និងបានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមកកម្ពុជាទៀតផង។

ប្រធានសមាគមក៏បានលើកឡើងអំពីការអភិវឌ្ឍជាច្រើនរបស់រាជរដ្ឋាភិបាល និងបានប្រាប់ឱ្យម្ចាស់អាជីវកម្ម និងបណ្តាប្រទេសផ្សេងទៀត ឱ្យមកធ្វើទស្សកិច្ចនៅកម្ពុជាមកជួបអ្នកជំនាញ និងស្វែងរកឱកាសសម្រាប់វិនិយោគ។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្ម លើកទី៤នេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥- ២៧ខែមិនា ឆ្នាំ២០២៦ ទទួលបានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនង ពីភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យ ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ជាច្រើនក្នុងនោះសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាក៏បានតាំងបង្ហាញនូវបេសកម្មនិងសកម្មភាពរបស់សមាគមផងដែរ។

ស្របវេលានោះដែរ សមាគមក៏ទទួលបានការអញ្ជើញបន្ថែមពី សភាពាណិជ្ជកម្ម ឧស្សាហកម្ម អាម៉េរិក-អឺរ៉ុប (EACHAM) ដែលជាដៃគូសហការគ្នាកន្លងមក សមាគមក៏បានដឹកនាំសមាជិកទៅទស្សនាការតាំងពិពរណ៍ទំនិញគ្រឿងអេឡិចត្រូនិច ឌីជីថល តិចណូឡូជី រ៉ូបូត បច្ចេកវិទ្យាគ្រប់គ្រងឃ្លាំង និងទំនិញច្រើនប្រភេទទៀត៕

អត្ថបទ៖ សន ពិសិដ្ឋ