ព័ត៌មានជាតិ

សង្ឃក្លែងក្លាយ ១៤អង្គ បម្រុងចូលក្នុងពិធីរាប់បាតត្រូវបានមន្ត្រីជំនាញសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនធ្វើការអប់រំណែនាំ

image

ក្រចេះ៖ មន្ទីរធម្មការ និងសាសនាខេត្តក្រចេះ សហការណ៍ជាមួយសមត្ថកិច្ច បានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន ១៤អង្គ យកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ខណៈពួកគេបន្លំខ្លួនបម្រុងចូលក្នុងពិធីរាប់បាត្រ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី ១០ នៅខេត្តក្រចេះ។

លោក ស៊ូ ស៊ែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានឱ្យ CNC ដឹងថា ការឃាត់ខ្លួនសង្ឃក្លែងក្លាយនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦។ លោកបន្ត ថាករណីនេះ មិនមែនជាករណីព្រះសង្ឃបន្លំខ្លួនចូលក្នុងកម្មពិធីទេ តែជាសង្ឃក្លែងក្លាយតែម្តង កោរសក់ស្លៀកស្បង់ចីពរ។

លោកបានបញ្ជាក់ថា សង្ឃក្លែងក្លាយទាំងអស់នេះ បម្រុងចូលក្នុងពិធីរាប់បា្រត ប៉ុន្តែដោយមានការសង្ស័យពីរូបលោកផ្ទាល់ ក៏បានធ្វើការសួរនាំ ជាលទ្ធផលមានភាពមិនប្រក្រតី ក្នុងនាមន្ទីរជំនាញក៏បានសហការណ៍ជាមួយសមត្ថកិច្ច យកមកធ្វើការសួរនាំ។ក្រោយធ្វើការសាកសួររួច ក្រុមបន្លំធ្វើជាសង្ឃ បានឆ្លើយសារភាពថា ពិតជាបានក្លែងជាសង្ឃពិតមែន ដើម្បីរកស៊ី ។

បច្ចុប្បន្ន ក្រុមក្លែងជាសង្ឃទាំងនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្តិបែបនេះតទៅទៀត៕ 

អត្ថបទ៖ លោក សារី ណែត