លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនឱកាសការងារ និងបង្កើនប្រាក់ចំណូល ជូនប្រជាជន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពនិងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែងទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិចូល, រួមការអភិវឌ្ឍវប្បធម៌, ការរក្សាការពារបរិស្ថានធនធានធម្មជាតិយើង ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយកម្មវិធីជាតិ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ការថ្លែងឲ្យដឹងបែបនេះ របស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ។
តាងនាមរាជរដ្ឋាភិបាល លោកសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តក្រចេះ, វិស័យឯកជនទាំងអស់ ដែលទទួលបានការរៀបចំបុណ្យទន្លេនេះ ជាលើកទី២ សារជាថ្មីម្តងទៀត បន្ទាប់ពីខេត្តក្រចេះដែលទទួលការរៀបចំបុណ្យទន្លេដំបូងគេបង្អស់នៅក្នុងឆ្នាំ២០១៥ ដែលនេះពិតជាសបញ្ជាក់ឲ្យឃើញអំពីសក្ដានុពលទេសចរណ៍យ៉ាងមានសារៈសំខាន់នៅក្នុងខេត្តក្រចេះ។
លោកសន្តិបណ្ឌិត នេត សាវឿន គូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ បានក្លាយជាកេរមរតកប្រពៃណីទេសចរណ៍ដ៏វិសេសវិសាលមួយ ដែលលេចរូបរាងឡើងក្នុងអាណត្តិរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់កំពូលវិរបុរសអគ្គមគ្គុទេសក៍ឯកបិតាស្ថាបនិកសន្ដិភាពសម្ដេចតេជោ ហ៊ុន សែន ដោយបានផ្សាភ្ជាប់គុណតម្លៃ, អត្ថប្រយោជន៍ និងសក្តានុពលជាមួយនឹងវិស័យទេសចរណ៍ ដោយរួមបញ្ចូលជាមួយវប្បធម៌, អរិយធម៌ និងសិល្បៈកម្សាន្តនានា ប្រកបដោយភាពអធិកអធមសម្បូរសប្បាយ និងសុខដុមរមនា សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោកសន្តិបណ្ឌិត នេត សាវឿន បន្តទៀតថា ព្រឹត្តិការណ៍បុណ្យទន្លេ គឺពិតជាមានសារៈសំខាន់ជាទីបំផុត ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងជាពិសេសជាវេទិកាមួយដែលមិនមែនត្រឹមតែសម្រាប់ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តតាមដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្ហាញឃើញការអភិវឌ្ឍ សម្រាប់ខេត្តនីមួយៗផងដែរ។
លោកសន្តិបណ្ឌិត នេត សាវឿន បន្ថែមទៀតថា ការអភិវឌ្ឍសមិទ្ធផលនានា តាមរយៈការរៀបចំពិធីបុណ្យទន្លេរបស់កម្ពុជា ពិតជាទទួលស្គាល់ថា មានការអភិវឌ្ឍជាច្រើនទាំងទីតាំង, ទាំងភាពទាក់ទាញទេសចរណ៍នៅតាមរមណីយដ្ឋានសណ្ឋាគារ, ភោជនីយដ្ឋាន រួមទាំងការអភិវឌ្ឍរចនាសម្ព័ន្ធជាច្រើនផងដែរ។ នេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរីកចម្រើនការអភិវឌ្ឍប្រកបដោយចិរភាព ស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញនៅក្នុងកម្ពុជា សម្រេចបានធ្វើឲ្យកម្ពុជាយើងស្គាល់នូវនិយមន័យថា សន្តិភាព និងការអភិវឌ្ឍ៕
អត្ថបទ៖ ចេង ឆហួត និងរូបភាព៖ លឹម មុនី, សារី ណែត