កម្រងរូបភាពលោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ភ្នំពេញ៖ កម្រងរូបភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនេះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានកាត់ខ្សែបូសម្ពោធការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ និងទស្សនាស្តង់ពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។
ក្នុងពិពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះ ក៏មានការចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ ក៏មានពិធីប្រកាសបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក៏មានការអុជកាំជ្រួចដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦, ការសម្តែងទស្សនីយភាពសិល្បៈ, ចម្រៀងបើកអបអរសាទរបុណ្យទន្លេក្រចេះ ច្រៀងដោយ អ្នកនាង សុន ស្រីពេជ្រ និងលោក ជិន វឌ្ឍនា ដោយមានចម្រៀង៖ ព្រះរាជនិពន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ មានចំណងជើងថា “ស្នេហា” ច្រៀងដោយ អ្នកនាង ទៀងមុំ សុធាវី។
លើសពីនេះ ក៏មានទស្សនីយភាពសិល្បៈ របាំចម្រុះសក្តានុពលនៃទន្លេមេគង្គ សម្តែងដោយសិល្បករសិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានចម្រៀង “ក្រចេះដួងចិត្តទេសចរណ៍” ច្រៀងដោយអ្នកនាង ទៀងមុំ សុធាវី និងលោក ជិន វឌ្ឍនា, ទស្សនីយភាពសិល្បៈរបាំក្រឡាន សម្តែងដោយសិល្បករសិល្បការិនីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ។
ក្នុងពេលជាមួយគ្នានេះ មានចម្រៀង “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ” ច្រៀងដោយតារាចម្រៀងផលិតកម្មថោន កញ្ញា បាន មុន្នីល័ក្ខ ដោយចម្រៀង “សម្រស់ខេត្តក្រចេះ ច្រៀងដោយអ្នកនាង សុន ស្រីពេជ្រ។
ម្យ៉ាងវិញទៀត ក៏មានទស្សនីយភាពសិល្បៈល្ខោនមហោរី រឿង “ប្រវត្តិវត្តសសរ១០០-សម្តែងដោយសិល្បករសិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមដោយចម្រៀងបិទ “ជោគជ័យ និងស្នាមញញឹមបុណ្យទន្លេក្រចេះ” ច្រៀងដោយអ្នកនាង ទៀងមុំ សុធាវី និងលោក ជិន វឌ្ឍនា
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកបុណ្យទន្លេនេះ ក៏មានពិធីជូនកន្ត្រកផ្កា និងថតរូបអនុស្សាវរីយ៍ដំណើរអញ្ជើញនិវត្តន៍ដ៏ខ្ពង់ខ្ពស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត និងរូបភាព៖លឹម មុនី, សារី ណែត