រដ្ឋមន្ត្រីកិច្ចការនារី អំពាវនាវដល់ពលរដ្ឋ ទៅពិនិត្យសុខភាពភ្នែក យ៉ាងហោចម្តងក្នុង១ឆ្នាំ ខណៈបានចាត់ទុកពិការភាពភ្នែក ជាពិការភាពធ្ងន់ធ្ងរជាងគេ សម្រាប់ជីវភាពរស់នៅ
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌកំបូល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសស្ត្រី ទៅពិនិត្យសុខភាពភ្នែក យ៉ាងហោចណាស់ ឱ្យបានម្តងក្នុង១ឆ្នាំ។
លោកស្រី បានអំពាវនាវបែបនេះ ក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតា ជូនប្រជាពលរដ្ឋខណ្ឌកំបូល ប្រមាណ៧០០នាក់ ដោយឥតគិតថ្លៃ ក្នុងឱកាសអបអរសាទរ ៨មីនា។
លោកស្រី អ៉ឹង កន្ថាផាវី បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាភ្នែក ខណៈបច្ចុប្បន្នយើងកំពុងរស់នៅក្នុងសង្គមឌីជីថល ដែលបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ដោយស្ទើរតែគ្រប់គ្នា មានទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកនានា ហើយការប្រើប្រាស់ភ្នែកច្រើននេះ អាចធ្វើឱ្យមានបញ្ហា ខណៈពិការភាពភ្នែក ជាពិការភាពធ្ងន់ធ្ងរជាងគេ សម្រាប់ជីវភាពរស់នៅ។
លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា ក្នុងប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន ឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០ ព្រោះថា ៩០% នៃពិការភាព គឺអាចជៀសវាងបាន និងព្យាបាលបាន។
សូមជម្រាបថា កម្មវិធីនេះ បញ្ជាក់ឱ្យឃើញថា សកម្មភាពអប់រំផ្សព្វផ្សាយ និងការថែទាំ ព្យាបាលភ្នែក ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការយកចិត្តទុកដាក់និងឆ្លើយតបចំពោះសមភាពយេនឌ័រ និងប្រកបដោយបរិយាប័ន្ន ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់សុខភាពរបស់ស្រ្តី និងក្មេងស្រី ក៏ដូចជាជនមានពិការភាព ដើម្បីធ្វើឱ្យស្រ្តីអាចចូលរួមយ៉ាងសកម្ម ក្នុងគ្រប់សកម្មភាពនៃកិច្ចអភិវឌ្ឍន៍៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ