ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

image

ភ្នំពេញ៖ រសៀលថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦នេះ ដោយក្ដីបារម្មណ៍ គិតគូរ និងខ្វាយខ្វល់អំពីសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានអញ្ជើញសួរសុខទុក្ខដោយផ្ទាល់ដល់ព្រិន្ទបាលឯក "ជិន ថុល" អាយុ ៤៦ឆ្នាំ និងនាយចំណង់ "នៅ សុខហេង" អាយុ ៤៧ឆ្នាំ ដោយវីរកងទ័ពទាំងពីរបានជួបគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញការងារ រួចត្រូវបានបញ្ជូនមកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ក្នុងវេលាចុះសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់វីរកងទ័ពទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតបាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់វីរកងទ័ព រួមទាំងក្រុមគ្រួសារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ៕