ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្តល់មនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងទុរគតជន ចំនួន ៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ

image

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន ៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ច។ 

លោកបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ រងទុក្ខដោយអត់អាហារនោះទេ ពោលគឺកាកបាទក្រហមកម្ពុជាតែងតែជួយដោះស្រាយជានិច្ច។ 

សូមបញ្ជាក់ថា គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ទាំង៣៥៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕