លោករដ្ឋមន្ត្រី ហួត ហាក់ ស្នើមន្ទីរ និងក្រសួងពាក់ព័ន្ធ បន្តការគាំទ្រដល់សហគមន៍ក្រឡានថ្មគ្រែ ខេត្តក្រចេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សមត្ថភាពអភិវឌ្ឍ
ក្រចេះ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើមន្ទីរ និងក្រសួងពាក់ព័ន្ធ ឱ្យបន្តការគាំទ្រដល់សហគមន៍ក្រឡានថ្មគ្រែ ខេត្តក្រចេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សមត្ថភាពអភិវឌ្ឍ។
ការស្នើនេះ បានធ្វើឡើងខណៈដែលលោក ហួត ហាក់ និងភរិយា បានចុះទៅសហគមន៍ក្រឡានថ្មគ្រែ និងសំណេះសំណាលជាមួយប្រជាសហគមន៍ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីលើកកម្ពស់អត្តសញ្ញាណម្ហូបអាហារ និងជំរុញទេសចរណ៍មូលដ្ឋាន ក្នុងឱកាសព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០។
លោករដ្ឋមន្ត្រី បានថ្លែងថា “ក្រឡាន” មិនត្រឹមតែជាអាហារប្រពៃណីទេ ប៉ុន្តែជាអត្តសញ្ញាណទេសចរណ៍ម្ហូបអាហារដ៏សំខាន់ ដែលបានរួមចំណែកលើកកម្ពស់ភាពទាក់ទាញនៃខេត្តក្រចេះ និងបង្កើតបទពិសោធន៍ពិសេសសម្រាប់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ សហគមន៍ក្រឡានថ្មគ្រែ ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏លេចធ្លោ ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងវប្បធម៌ ប្រពៃណី និងជីវភាពប្រជាជនក្នុងតំបន់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍នេះ បានរួមចំណែកសំខាន់ក្នុងការបង្កើតការងារ បង្កើនចំណូល កាត់បន្ថយការចំណាកស្រុក និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ទោះយ៉ាងណា លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន តម្លៃវត្ថុធាតុដើម ការវេចខ្ចប់ ការខ្វះដៃគូសហការ និងការប្រកួតប្រជែងទីផ្សារ ដែលត្រូវការការយកចិត្តទុកដាក់ និងដោះស្រាយជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី បានបន្តផ្តល់អនុសាសន៍ដល់សហគមន៍ ឱ្យបន្តរក្សាគុណភាពរសជាតិប្រពៃណី យកចិត្តទុកដាក់លើអនាម័យ និងបរិស្ថាន ពង្រឹងសោភ័ណភាពទីតាំង និងពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការសហការជាមួយអ្នកផលិតមាតិកា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសហគមន៍ក្រឡានថ្មគ្រែ ដែលបានខិតខំអភិរក្សបេតិកភណ្ឌវប្បធម៌ និងបង្កើតតម្លៃបន្ថែមឱ្យវិស័យទេសចរណ៍ ព្រមទាំងបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកអភិវឌ្ឍសហគមន៍ទេសចរណ៍ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។
ក្នុងកម្មវិធីនេះផងដែរ លោករដ្ឋមន្ត្រី និងភរិយា បានចូលរួមដុតក្រឡានប្រមាណ ៤០ គីឡូក្រាម ជាមួយប្រជាសហគមន៍ ក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល៕