រដ្ឋសភា បានអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេងគាំទ្រ ១១២/១១២ សំឡេង
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំរដ្ឋសភា ពិភាក្សាលើវិសោធនកម្មច្បាប់ស្តីពីការជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម័យប្រជុំរដ្ឋសភាពេញអង្គ មានកូរ៉ុម សមាជិកសមាជិការដ្ឋសភាប្រជុំ ចំនួន ១១២រូប។
បន្ទាប់ពីពិភាក្សាសួរដេញដោលតំណាងរាជរដ្ឋាភិបាល មកការពារសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួចមក រដ្ឋសភាបានអនុម័តជាឯកច្ឆ័នហើយលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានសំឡេងគាំទ្រ ១១២លើ១១២សំឡេង។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មករដ្ឋសភាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្រប តាមស្តង់ដាជាអន្តរ ជាតិ។
សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្ម ទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕
អត្ថបទ៖ វង សុភ័ក្ត្រ