ព័ត៌មានអន្តរជាតិ

លោក ត្រាំ បើកដៃឱ្យប្រេងរុស្ស៊ីចូលគុយបា និងប្រកាសត្រៀមជួយសង្គ្រោះពលរដ្ឋក្រោយរបបបច្ចុប្បន្នដួលរលំ

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់បទសម្ភាសន៍មួយដោយបង្ហាញពីទស្សនៈតឹងរ៉ឹងចំពោះប្រទេសគុយបា ដោយលោកចាត់ទុកថា ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពបរាជ័យ និងជិតដួលរលំក្នុងពេលដ៏ខ្លីខាងមុខ។ លោកបញ្ជាក់ដែរថា គុយបានឹងក្លាយជាគោលដៅបន្ទាប់ដែលត្រូវតែមានការផ្លាស់ប្តូរ ហើយអាម៉េរិកនឹងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅជួយសង្គ្រោះ ជាពិសេសគឺដើម្បីជួយដល់សហគមន៍អាម៉េរិកាំងដើមកំណើតគុយបា ដែលធ្លាប់រងគ្រោះដោយរបបដឹកនាំត្រកូលខាស្រ្តូ (Castro) ។

ពាក់ព័ន្ធនឹងវិបត្តិថាមពល លោក ត្រាំ បានបង្ហាញជំហរដោយមិនជំទាស់នឹងការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ប្រទេសគុយបានោះទេ ដោយលោកយល់ឃើញថា ទោះបីជារុស្ស៊ី ឬប្រទេសណាមួយបញ្ជូនប្រេងទៅឱ្យគុយបាក៏ដោយ ក៏វាមិនអាចផ្លាស់ប្តូរវាសនានៃរបបដឹកនាំដែលលោកចាត់ទុកថាពុករលួយ និងមិនល្អនៅទីនោះបានដែរ។ ការអនុញ្ញាតនេះ ធ្វើឡើងដើម្បីជួយដល់ប្រជាជនគុយបាឱ្យមានប្រេងប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃប៉ុណ្ណោះ ។

លោកប្រធានាធិបតីក៏បានច្រានចោលការបារម្ភដែលថា សកម្មភាពនេះនឹងផ្តល់ផលចំណេញដល់លោក វ្ល៉ាឌីមៀ ពុទីន។ តាមទស្សនៈរបស់លោក ត្រាំ ការដែលរុស្ស៊ីបញ្ជូនប្រេងទៅគុយបា មានន័យថារុស្ស៊ីត្រូវខាតបង់ធនធានរបស់ខ្លួនទៅវិញទេ ហើយវានឹងមិនមានឥទ្ធិពលអ្វីដល់អំណាចរបស់រុស្ស៊ី ឬស្ថានភាពនយោបាយសកលឡើយ។ លោកសង្កត់ធ្ងន់ថា គុយបាបានដើរមកដល់ចំណុចបញ្ចប់ហើយ ទោះមានជំនួយប្រេងបន្តិចបន្តួចក៏មិនអាចជួយអ្វីបានដែរ ។

លោក ត្រាំ បានសង្កត់ធ្ងន់លើទិដ្ឋភាពមនុស្សធម៌ ដោយលោកចង់ឃើញប្រជាជនគុយបាមានអគ្គិសនីប្រើប្រាស់សម្រាប់កម្ដៅ និងភាពត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ សារនយោបាយរបស់លោកនៅតែបង្ហាញយ៉ាងច្បាស់ថា អាម៉េរិកកំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពដែលកើតឡើងក្នុងប្រទេសដែនកោះមួយនេះ ហើយត្រៀមខ្លួនសម្រាប់បើក «ទំព័រថ្មី» នៅពេលខាងមុខ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ rfi & Time on Microsoft Bing/ Vemaps