លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពេញចិត្តចំពោះការបន្តរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-វៀតណាមដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្ម លើគ្រប់វិស័យ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអនុញ្ញាតជូន លោក ង្វៀន មាញ់គឿង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្ដែងការគួរសម។
នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ង្វៀន មាញ់គឿង ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះរដ្ឋាភិបាលវៀតណាម អំពីជោគជ័យនៃការរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការរក្សាបាននូវការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំ ដូចដែលបានសបញ្ជាក់តាម
រយៈទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម