UNICEF សន្យាបន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបលោកស្រី June Kunugi នាយិកា ការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF)។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិ ដែលបានចូលរួមសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនាពេលកន្លងមក និងបានជួយដល់ការសម្រេចបាននូវគោលដៅសុខាភិបាលមួយចំនួន តាមរយៈកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពមាតា និងកុមារជាដើម។
នាយិកា ការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានបញ្ជាក់ថា អង្គការ UNICEF តែងតែបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។
លោកស្រី June បានជម្រាបជូនថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល អង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានពិភាក្សាបញ្ហាគោលនយោបាយ និងកម្មវិធីសំខាន់ៗ រួមមាន ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដែលនៅទ្រឹង ការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងការពន្លឿនផ្លូវឆ្ពោះទៅរកសមធម៌ និងការគ្របដណ្តប់សុខភាពជាសកល ព្រមទាំងការរៀបចំផែនការរយៈពេល ៥ឆ្នាំ (Country Program) ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់ លើការគ្របដណ្តប់ការចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកស្រីបានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រ ពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរសម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៦-២០៣០។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ អង្គការ UNICEF ដែលជាដៃគូដែលគួរឱ្យទុកចិត្តចាប់តាំងពីឆ្នាំ១៩៥២ រួមទាំងក្នុងអំឡុងពេលដ៏លំបាកបំផុតមួយចំនួន នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការស្តារឡើងវិញ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ