តម្លៃផាកពិន័យចរាចរណ៍ថ្មីនៅថៃ កើនឡើង៤ដង ខណៈអ្នកល្មើសអាចនឹងជាប់ពន្ធនាគារ ១ឆ្នាំទៀតផង
ថៃឡង់ដ៍៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះតទៅ អាជ្ញាធរនគរបាលចរាចរណ៍នៅទូទាំងប្រទេសថៃ នឹងចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹងបំផុត ដោយផ្តោតសំខាន់លើកំហុសឆ្គងចម្បងៗចំនួន ១០ ដែលតែងតែបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងជាងគេ។ វិធានការនេះ ត្រូវបានដាក់ចេញដើម្បីពង្រឹងវិន័យបើកបរ និងកាត់បន្ថយអត្រាស្លាប់និងរបួសនៅលើដងផ្លូវឱ្យមានប្រសិទ្ធភាព ។
ការអនុវត្តថ្មីនេះបានកែប្រែតម្លៃផាកពិន័យឱ្យខ្ពស់ជាងមុនជាច្រើនដង ជាពិសេសលើកំហុសឆ្គងធ្ងន់ធ្ងរ ដូចជា ការបើកបរលើសល្បឿនកំណត់, ការបើកបរបំពានភ្លើងស្តុប នឹងត្រូវរងការផាកពិន័យរហូតដល់ ៤,០០០ បាត (ជាង៤៥ម៉ឺនរៀល ឬ ១១២ដុល្លារ) ខណៈកាលពីមុន តម្លៃផាកពិន័យត្រឹម ១ពាន់បាត (ជាង ១១ម៉ឺនរៀល ឬ ២៨ដុល្លារប៉ុណ្ណោះ)។ បន្ថែមពីនេះ ការឈប់នៅលើគំនូសអ្នកថ្មើរជើងឆ្លងផ្លូវ និងប្រើទូរសព្ទពេលបើកបរ នឹងត្រូវរងការផាកពិន័យរហូតដល់ ៤,០០០ បាតដូចគ្នាដែរ ។
ទន្ទឹមនឹងនេះ ការបើកបរបញ្ច្រាសទិស កាលពីមុន ៥០០បាត ប៉ុន្តែច្បាប់ថ្មី តម្លៃផាកពិន័យនឹងកើនដល់ ២,០០០ បាត (២២,៦០០០រៀល ឬ៥៦ដុល្លារ) និងការមិនពាក់មួក ឬខ្សែក្រវាត់សុវត្ថិភាព (ទាំងអ្នកបើក និងអ្នករួមដំណើរ) ក៏ត្រូវបានដំឡើងថ្លៃផាកពិន័យ ២,០០០បាតដូចគ្នាដែរ ។
ចំពោះកំហុសឆ្គងដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចជាការបើកបរក្នុងស្ថានភាពស្រវឹង ឬការបើកបរដោយខ្ជីខ្ជាមិនគិតពីសុវត្ថិភាពអ្នកដទៃ អ្នកបើកបរមិនត្រឹមតែត្រូវរងការផាកពិន័យជាទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ចន្លោះពី ៥,០០០បាត រហូតដល់ ២០,០០០ បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំទៀតផង។ សូម្បីតែការមិនយកប័ណ្ណបើកបរតាមខ្លួន ក៏អាចប្រឈមនឹងការផាកពិន័យ ១,០០០បាត និងទោសជាប់ពន្ធនាគារ ១ ខែដែរ ។
នគរបាលជាតិថៃ បញ្ជាក់ថា ដំណាក់កាលអប់រំ និងការព្រមានដែលបានធ្វើឡើងនាពេលកន្លងមក នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែមីនា។ ដូច្នេះ ចាប់ពីខែមេសានេះតទៅ គ្មានការលើកលែងទៀតឡើយ ដើម្បីធានាថាផ្លូវថ្នល់ទូទាំងប្រទេសមានសុវត្ថិភាពសម្រាប់ពលរដ្ឋគ្រប់រូប និងដើម្បីឱ្យអ្នកបើកបរទាំងអស់មានការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ផ្លូវថ្នល់រួមគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Thairath/ The Nation Thailand